លោក Mauricio Pochettino គ្រូ​បង្វឹក​របស់​ក្រុម Tottenham កំពុង​តែ​ជំ​រុញ​ឲ្យក្រុម​របស់​លោក​ប្រើ​ប្រាស់​​ជ័យ​ជម្នះ​របស់​ពួក​គេ​នៅ​លើ​ទឹក​ដីក្រុម Chelsea កាល​ពី​រដូវកាល​មុន ធ្វើ​ជា​​ការ​លើក​ទឹក​ចិត្ត​សម្រាប់​ការ​បញ្ចប់​ការ​​មិន​ស្គាល់​ឈ្នះ​សោះ​នៅ​លើ​ទឹក​ដី Old Trafford នា​រាត្រីនេះ​។

Spurs នឹង​ធ្វើ​ដំណើរ​ទៅកាន់​ទឹកដីក្រុម Manchester United ជា​មួយ​នឹង​កំណត់ត្រា​​ដ៏អន់ ក្រោយពី​មិនធ្លាប់​បាន​ឈ្នះ​ ឬ​រក​គ្រាប់​បាល់​បញ្ចូល​ទី​សូម្បី​តែ​១​គ្រាប់​ក្នុង​​ការ​ធ្វើ​ដំណើរ​​ទៅ​ប្រកួត​៤លើក​ចុងក្រោយ​របស់​ពួក​គេ​។

ក្រុម​របស់​លោក Pochettino បាន​ផ្តួល Chelsea ដែល​ជា​គូ​ប្រកួត​ស្ថិតក្នុង​ទីក្រុង​ឡុងដ៍​តែ​មួយ​របស់​ពួក​គេ​ នៅ​កីឡដ្ឋាន Stamford Bridge កាល​ខែ​មេសា ជាលើក​ទី​១ បើ​គិត​ចាប់​តាំងពីឆ្នាំ​១៩៩០ ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​ឈ្នះ​កោអី​ទៅលេង​ក្នុង​ក្រប​ខ័ណ្ឌ Champions League​​។

គ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់ទីន​រូបនេះ ចង់​ឲ្យ​ក្រុម​របស់​លោក​ប្រើ​ប្រាស់​បទ​ពិសោធ​នោះ​ដើម្បី​ទទួល​បាន​លទ្ធផល​មួយ​នៅ​ថ្ងៃ​ចន្ទ​នេះ បើ​ទោះ​បី​ការ​ត្រៀម​លក្ខណៈ​​ផ្សេង​ៗ​សម្រាប់​ការ​ប្រកួត​នេះ​​ត្រូវ​បាន​​រំខាន​ដោយ​ការ​ចោទ​ប្រកាន់​ពី​បទ​បើក​បរ​ក្រោម​ឥទ្ធិ​ពល​នៃ​គ្រឿង​ស្រវឹង​ទៅលើ​អ្នក​ចាំទី Hugo Lloris របស់​​ពួក​គេ​ក៏ដោយ​។

លោក Pochettino ដែល​មិន​បាន​និយាយ​ពី​ស្ថានភាព​របស់ Lloris ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​កាលពីថ្ងៃ​សុក្រ បាន​និយាយ​ទាក់​ទង​នឹង​ទម្រង់​លេង​របស់​ពួក​គេ​នា​កីឡដ្ឋាន Old Trafford ថា៖​ «នោះ​មិន​មែន​ជា​​ការ​ដឹង​ដោយ​ប្រើ​ញៀន​ឡើយ ប៉ុន្តែ វា​ជា​​ការ​ពិត​។ យើង​​បាន​ចាញ់​៤​ប្រកួត យើង​មិន​បាន​ស៊ុត​បាល់​បញ្ចូល​ទី​​សោះ ហើយ​យើងមិន​ដណ្តើម​បាន​សូម្បី​តែ​១​ពិ​ន្ទុ»​​។

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «ប៉ុន្តែ Chelsea កាល​ពី​រដូវ​កាល​មុន គឺ​ជា​​គំរូ​ដ៏ល្អមួយ​។ ក្រោយពី​រយៈ​ពេល​២៨​ឆ្នាំ យើង​បាន​ទទួល​ជ័យជម្នះ​។ មាន​ចំណុច​អវិជ្ជ​មាន​ជាច្រើន ប៉ុន្តែ អ្នក​ត្រូវ​តែ​ជឿជាក់ ហើយ​ខ្ញុំ​ជឿជាក់​ថា យើង​អាច​ទទួល​ជ័យជម្នះ​»​។ ការ​ប្រកួតនេះ​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​២​ទៀប​ភ្លឺ​៕