មជ្ឈដ្ឋានបាល់ទាត់ទូទៅតែងបានជ្រួតជ្រាបហើយថាទីផ្សារដោះដូរកីឡាករចាប់ផ្ដើមពីពេលណា ហើយចប់នៅពេលណានោះ នៅលីគធំៗនៅអឺរ៉ុប។ ទីផ្សារដោះដូរកីឡាករនៅលីគអឺរ៉ុបធំៗដូចជានៅអេស្ប៉ាញ អ៊ីតាលី និងអាល្លឺម៉ង់ជាដើម សុទ្ធតែប្រព្រឹត្តពីរដងក្នុងមួយរដូវកាល។ ទីមួយគឺទីផ្សារដោះដូររដូវក្ដៅ (Summer Transfer Window) ពីពេលចប់រដូវកាលចាស់រហូតដល់ចប់ខែសីហា និងទីពីរគឺទីផ្សារដោះដូររដូវរងា (Winter Transfer Window) ក្នុងអំឡុងខែមករា។ តើមានឆ្ងល់អត់ ថាប្រព័ន្ធទីផ្សារនេះចាប់ផ្ដើមពីពេលណា?

ប្រព័ន្ធទីផ្សារដោះដូរកីឡាករនៅអឺរ៉ុបបច្ចុប្បន្ន ត្រូវបានធ្វើឡើងជាផ្លូវការតាំងពីរដូវកាល ២០០២/០៣ ដើម្បីរក្សាស្ថិរភាពក្នុងក្លឹបបាល់ទាត់ និងធ្វើឲ្យក្លឹបមានសភាពប្រកួតប្រជែង។
កាលពីមិនទាន់មានប្រព័ន្ធនេះ នៅក្នុងលីគភាគច្រើននៅអឺរ៉ុប ក្លឹបអាចដោះដូរកីឡាករតាមអំពើចិត្ត ដោយមិនមានកាលបរិច្ឆេទច្បាស់លាស់។ ការណ៍នេះ បានបើកផ្លូវឲ្យក្លឹបដែលមានធនធានច្រើន អាចធ្វើការក្រឡុកស្ថានភាពប្រកួតប្រជែងនៅក្នុងលីគ ដោយប្រើប្រាស់លុយក្នុងការផ្ទេរកីឡាករល្អៗពីក្លឹបគូប្រជែងរបស់ខ្លួន។ ម៉្យាងទៀត ការដោះដូរ កីឡាករគ្មានពេល គ្មានវេលាច្បាស់ អាចធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទំនាក់ទំនងរវាងកីឡាករ និងអ្នកគាំទ្រ ហើយអ្នកចាត់ការ និងកីឡាករផងដែរ។
សូមបញ្ជាក់ផងដែរថា លីគធំៗនៅអឺរ៉ុប សុទ្ធតែបន្តប្រើប្រាស់ប្រព័ន្ធទីផ្សារដោះដូរកីឡាករនេះ លើកលែងតែអង់គ្លេសមួយដែលមានការកែប្រែបន្តិច។ ចាប់ពីរដូវកាល ២០១៨/១៩ ទៅ ក្លឹបអង់គ្លេសអាចមានសិទ្ធិនាំចូលកីឡាករត្រឹមមុនថ្ងៃ លីគចាប់ផ្ដើមប៉ុណ្ណោះ។ ទោះជាយ៉ាងណា ក្លឹបមានសិទ្ធិផ្ទេរចេញកីឡាកររហូតដល់ចប់ខែសីហា៕

Via :news.sabay
