ខ្សែប្រយុទ្ធ Alvaro Morata របស់ក្លិប Chelsea បានបញ្ជាក់ថា ទម្រង់លេងរបស់គេកាលពីរដូវកាលមុន គឺជាគ្រោះមហន្តរាយ និងបានបន្ថែមទៀតថា រូបគេបានគិតពីការចាកចេញពីក្របខ័ណ្ឌ Premier League ក្រោយពីធ្លាក់ចេញពីក្រុមជម្រើសជាតិអេស្ប៉ាញ សម្រាប់យុទ្ធនាការ World Cup។

Morata បានលេងក្នុងជម្រើសទាំង ១១នាក់ដំបូងត្រឹមតែ ២៤ប្រកួតគត់ក្នុងក្របខ័ណ្ឌលីកសម្រាប់ក្រុម Chelsea កាលពីរដូវកាលមុន ក្រោយពីបានបំពេញការផ្ទេរក្នុងតម្លៃខ្លួន ៥៨លានផោន (ស្មើនឹង៧៤លានដុល្លារអាមេរិក) ពីក្លិប Real Madrid ដោយបានស៊ុតបាល់បញ្ចូលទី ១១គ្រាប់ ខណៈដែលក្លិបនេះបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ និងបានអវត្តមានក្នុងក្របខ័ណ្ឌ Champions League។

នៅឯទីលានហ្វឹកហាត់របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងទីក្រុងម៉ាឌ្រីដ Morata បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថា៖ «កាលពីឆ្នាំមុន ខ្ញុំមិនរីករាយឡើយ រាល់អ្វីៗទាំងអស់គឺជាគ្រោះមហន្តរាយ។ ខ្ញុំបានដើរទៅកាន់ទីលាន ហើយខ្ញុំមិនបានដឹងពីកន្លែងដែលខ្ញុំនៅ»។ Morata បានបញ្ជាក់ថា រូបគេបានជួបភាពត្រដាបត្រដួសក្នុងការដោះស្រាយចំពោះការខកចិត្តសម្រាប់ការធ្លាក់ចេញពីក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងយុទ្ធនាការ World Cup។ កីឡាកររូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំបានខកចិត្តដ៏ធំ តើខ្ញុំត្រូវដោះស្រាយយ៉ាងម៉េច ក្រោយពីមិនអាចជាប់ទៅលេងក្នុងព្រឹត្តិការណ៍ World Cup? វាបានក្លាយជាពេលវេលាដ៏តានតឹងសម្រាប់ខ្ញុំ ពេលវេលាដ៏អាក្រក់បំផុតនៃអាជីពរបស់ខ្ញុំ ហើយខ្ញុំបានជួបពេលវេលាដ៏អាក្រក់មួយ»៕