ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប Real Madrid នឹងត្រូវប្រកួតជាមួយនឹងក្រុមរបស់ម៉ិកស៊ិក Guadalajara ឬក្រុមម្ចាស់ជើងឯកទ្វីបអាស៊ី ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃយុទ្ធនាការ Club World Cup នៅឆ្នាំនេះ ក្រោយពីការចាប់ឆ្នោតត្រូវបានធ្វើឡើងនៅឯទីស្នាក់ការរបស់ FIFA កាលពីថ្ងៃអង្គារ។

ក្រុម Real និងក្រុមម្ចាស់ជើងឯកប្រចាំទ្វីបអាមេរិកខាងត្បូងមួយនេះ បានទទួលសិទ្ធិឈានទៅប្រកួតវគ្គ ៤ក្រុមចុងក្រោយនៃយុទ្ធនាការ Club World Cup ដែលមាន ៧ក្រុមចូលរួម ដោយស្វ័យប្រវត្តិ ខណៈដែលការប្រកួតនឹងត្រូវប្រព្រឹត្តទៅនៅអ៊េមីរ៉ាតអារ៉ាប់រួម នៅខែធ្នូ។ ក្រុមម្ចាស់ជើងឯកប្រចាំតំបន់អូសេអានី Team Wellington នឹងត្រូវជួបក្រុម Al Ain ដែលជាក្រុមម្ចាស់ជើងឯករបស់ប្រទេសម្ចាស់ផ្ទះ ក្នុងការប្រកួតមួយដើម្បីប្រជែងយកសិទ្ធិទៅជួបក្រុមម្ចាស់ជើងឯកទ្វីបអាហ្វ្រិក ក្នុងការប្រកួតជុំទី២។

ក្រុមដែលឈ្នះក្នុងការប្រកួតនេះ នឹងត្រូវទៅជួបក្រុមម្ចាស់ជើងឯកពាន Libertadores Cup របស់អាមេរិកខាងត្បូង ដែលបច្ចុប្បន្នកំពុងតែឈានដល់វគ្គ៨ក្រុមចុងក្រោយ ហើយនិងត្រូវកាត់សេចក្តីនាថ្ងៃទី១៨ ខែវិច្ឆិកា ខាងមុខ។ ក្រុម Guadalajara ដែលជាម្ចាស់ជើងឯករបស់សហព័ន្ធអាមេរិកខាងជើង កណ្តាល និងតំបន់អាការ៉ាអ៊ីប ហៅកាត់ថា CONCACAF ត្រូវបានចាប់ឆ្នោតឲ្យជួបក្រុមម្ចាស់ជើងឯកទ្វីបអាស៊ី ក្នុងការប្រកួតជុំទី២ មួយគូផ្សេងទៀត៕
Real នឹងត្រូវប៉ះជាមួយ Guadalajara ឬ ម្ចាស់ជើងឯកអាស៊ី ក្នុង Club World Cup
អត្ថបទទាក់ទង
