លោក Didier Deschamps គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានបញ្ជាក់ថា ក្រុមម្ចាស់ជើងឯកពិភពលោកមួយនេះ មិនអាចធ្លាក់ចុះកម្រិតលេងបានឡើយ ខណៈដែលពួកគេត្រៀមចាប់ផ្តើមយុទ្ធនាការ UEFA Nations League របស់ពួកគេនៅលើទឹកដីក្រុមជម្រើសជាតិអាល្លឺម៉ង់ នៅរាត្រីនេះ។

ក្រុមជម្រើសជាតិបារាំង ដែលមានរហស្សនាមថា Les Bleus នឹងវិលទៅកាន់ការប្រកួតវិញជាលើកទី១ បើគិតចាប់តាំងពីលើកពាន World Cup ក្នុងប្រទេសរុស្ស៊ី នៅពេលដែលពួកគេជួបជាមួយនឹងក្រុមធ្លាក់ទម្រង់លេងអាល្លឺម៉ង់ របស់លោក Joachim Loew នាកីឡដ្ឋាន Allianz Arena ក្នុងទីក្រុង Munich។ លោក Deschamps បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា៖ «ខ្ញុំមិនមានអារម្មណ៍ថា វានឹងមានការធ្លាក់ចុះទម្រង់លេងឡើយ។ វាមាននូវភាពរីករាយផ្សេងៗក្នុងការស្ថិតនៅជាមួយគ្នា និងធ្វើរឿងជាមួយគ្នាដូចធម្មតា ខណៈដែលយុទ្ធនាការនេះ ស្ថិតនៅចំពោះមុខយើង នៅពេលដែលប្រកួតជាមួយគូប្រកួតដ៏ខ្លាំងមួយ»។

គ្រូបង្វឹករូបនេះបានប្រាប់បន្តថា៖ «ប្រសិនបើមានអារម្មណ៍តានតឹង យើងនឹងត្រូវដោះស្រាយភ្លាមៗ។ ហានិភ័យផ្សេងៗមិនកើតឡើងពីយើងឡើយ ដែលដូចទៅនឹងគូប្រកួតរបស់យើងអ៊ីចឹង។ ប៉ុន្តែ យើងបានត្រៀមលក្ខណៈឲ្យបានរឹងមាំតាមដែលអាច»។ លោក Deschamps បានបន្ថែមទៀតថា៖ «មានបរិយាកាសដ៏រីករាយមួយក្នុងក្រុមនេះ ប៉ុន្តែ បញ្ហានោះមិនបានរារាំងមិនឲ្យកីឡាករធ្វើអ្វីដែលពួកគេត្រូវតែធ្វើ អំឡុងពេលនៃការហ្វឹកហាត់នានា និងលេងដោយប្រុងប្រយ័ត្នឡើយ»។ ប៉ុន្តែ ការការពារពានរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ បានបញ្ចប់ដោយការធ្លាក់ចេញពីត្រឹមវគ្គចែកពូលដ៏អាម៉ាស់ នៅប្រទេសរុស្ស៊ី ដែលជាការធ្លាក់ចេញយ៉ាងឆាប់បំផុតរបស់ពួកគេ បើគិតចាប់តាំងពីធ្លាក់ចេញត្រឹមជុំទី១នៃយុទ្ធនាការ World Cup ឆ្នាំ១៩៣៨។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕