លោក Gareth Southgate អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេស នឹងបន្តជ្រើសរើសយកកីឡាករវ័យក្មេងដែលអាចសម្របខ្លួនបានយ៉ាងល្អប្រសើរចំពោះបច្ចេកទេស និងរូបមន្តដែលលោកចូលចិត្ត ខណៈដែលគ្រូបង្វឹករូបនេះសម្លឹងរកការពង្រឹងសមត្ថភាពក្រុមរបស់លោក ក្រោយពីជួបភាពជោគជ័យដ៏គួរឲ្យកត់សម្គាល់ក្នុង World Cup នៅរុស្ស៊ី។

លោក Southgate ដែលបានដឹកនាំឲ្យក្រុមប្រជុំដោយកីឡាករគ្មានបទពិសោធទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីខែកក្កដា នោះ បានប្រាប់អ្នកយកព័ត៌មាន នៅមុនពេលការប្រកួតក្នុងយុទ្ធនាការ Nations League ជាមួយនឹងក្រុមជម្រើសជាតិអេស្ប៉ាញ នៅថ្ងៃសៅរ៍ ថា លោកបានរៀបចំផែនការក្នុងការរក្សាគោលនរយោបាយក្នុងការអភិវឌ្ឍក្រុមយុវជនរបស់អង់គ្លេស។ លោក Southgate បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «យើងបានអង្កេតទៅលើកីឡាករផ្សេងគ្នាជាច្រើននាក់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងបានសម្រេចចិត្ត ដោយផ្អែកទៅលើវិធីសាស្ត្រដែលយើងចង់លេង និងប្រភេទនៃកីឡាករដែលយើងចង់ធ្វើការជាមួយ ថា មានកីឡាការមួយចំនួនដែលស័ក្តិសមទៅនឹងរូបមន្តរបស់យើង»។

គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «យើងកំពុងតែស្ថិតក្នុងដំណើរការវិវឌ្ឍដ៏ល្អដែលនឹងមិនវិលទៅកាន់កីឡាករដែលបានស្ថិតក្នុងក្រុមជម្រើសជាតិកាលពីមុនឡើយ ហើយយើងមានការអង្កេតដ៏ល្អមួយ។ ហេតុនេះ ក្រុមបន្ទាប់ដែលយើងនឹងសម្លឹងរក គឺប្រហែលជាមកពីក្រុមទៅតាមកម្រិតអាយុរបស់យើង»៕