ទីបំផុត ក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានអបអរការឈ្នះពាន World Cup ជាមួយនឹងគាំទ្រលើទឹកដីខ្លួនឯង កាលពីថ្ងៃអាទិត្យ ក្រោយពីខ្សែប្រយុទ្ធ Kylian Mbappe និង Olivier Giroud សុទ្ធសឹងរកបានគ្រាប់បាល់បញ្ចូលទីក្នុងពេលក្រុមខ្លួនទទួលជ័យជម្នះ ២-១ លើក្រុមជម្រើសជាតិហូឡង់ ក្នុងទីក្រុងប៉ារីស កាលពីថ្ងៃអាទិត្យ។

Giroud បានរកគ្រាប់បាល់ឈ្នះ ក្រោយពីការបញ្ជូនបាល់របស់កីឡាករ Benjamin Mendy នៅនាទី ទី៧៥ ដើម្បីរកគ្រាប់បាល់ទី១របស់គេក្នុងចំណោមការប្រកួត១១លើកសម្រាប់ក្រុមជម្រើសជាតិបារាំង ក្រោយពីខ្សែប្រយុទ្ធរបស់ Chelsea បានឆ្លងកាត់យុទ្ធនាការប្រកបដោយជ័យជម្នះរបស់ប្រទេសខ្លួននៅរុស្ស៊ី ដោយមិនរកបានគ្រាប់បាល់បញ្ចូលទីសោះ។

ក្នុងការបង្ហាញខ្លួនជាលើកទី១របស់ពួកគេនៅលើទឹកដីខ្លួនឯង ចាប់តាំងពីយុទ្ធនាការ World Cup តារាឆ្នើម Mbappe បានជួយឲ្យបារាំង រកបានគ្រាប់បាល់នាំមុខមុន ក្នុងការបង្ហាញពីទម្រង់លេងយ៉ាងល្អឥតខ្ចោះពីសំណាក់កីឡាករវ័យ១៩ឆ្នាំរូបនេះ នៅមុនពេលកីឡាករ Ryan Babel រកបានគ្រាប់បាល់តាមស្មើវិញភ្លាមៗនៅតង់ទី២។

កីឡដ្ឋាន Stade de France បានផ្ទុះនូវការអបអរយ៉ាងខ្លាំងក្លា ចំពោះគ្រាប់បាល់ឈ្នះរបស់ Giroud ក្នុងការប្រកួតមួយនៃយុទ្ធនាការថ្មី Nations League របស់ UEFA។ ទោះបីជាយ៉ាងណា ការប្រកួតនេះ គឺជាការចាប់ផ្តើមនៃការអបអរការឈ្នះពាន World Cup នៅលើទីលានប្រកួត ពីមុខអ្នកទស្សនាជិត៨០០០០នាក់ នៅកីឡដ្ឋានជាតិ ក្រោយពីសំឡេងកញ្ចែចុងក្រោយ៕