លោក Roberto Mancini មិនចាប់អារម្មណ៍ចំពោះការរិះគន់ផ្សេងៗទៅលើខ្សែប្រយុទ្ធធ្លាក់ទម្រង់លេង Mario Balotelli និងក្រុមជម្រើសជាតិអ៊ីតាលីរបស់លោក មុនពេលការប្រកួតក្នុងយុទ្ធនាការ Nations League ជាមួយនឹងក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្នុងទីក្រុង Lisbon នៅរាត្រីនេះ។

ក្រុមជម្រើសជាតិអ៊ីតាលី ដណ្តើមបាន១ពិន្ទុ ក្នុងការប្រកួតបើកឆាកក្នុងពូល 3 ជាមួយនឹងក្រុមជម្រើសជាតិប៉ូឡូញ កាលពីថ្ងៃសុក្រ ក្នុងទីក្រុង Bologna ហើយបន្ទាប់មក នឹងត្រូវប៉ះជាមួយនឹងក្រុមម្ចាស់ជើងឯកអឺរ៉ុប ដែលលេងដោយគ្មានខ្សែប្រយុទ្ធ Cristiano Ronaldo នាកីឡដ្ឋាន Estadio da Luz ក្នុងទីក្រុង Lisbon។ ខ្សែប្រយុទ្ធ Balotelli របស់ក្លិប Nice មិនបានបង្ហាញថ្វីជើងរបស់ខ្លួនក្នុងការប្រកួតកាលពីថ្ងៃសុក្រ ដែលជាការបង្ហាញខ្លួនជាលើកទី១ របស់គេសម្រាប់ក្រុមជម្រើសជាតិអ៊ីតាលី បើគិតចាប់តាំងពីយុទ្ធនាការ World Cup ឆ្នាំ២០១៤ ហើយនិងត្រូវអវត្តមានក្នុងការប្រកួតនៅរាត្រីនេះ ដោយសារតែបញ្ហាសាច់ដុំ។

លោក Mancini បានឲ្យដឹងថា៖ «Balotelli ប្រហែលជាលេងមិនបានល្អឡើយ ប៉ុន្តែ ការមិនអាចបង្ហាញពីទម្រង់លេងឲ្យបាន១០០ភាគរយក្នុងការប្រកួតមួយ កើតឡើងចំពោះគ្រប់កីឡាករទាំងអស់។ នេះគឺជាការប្រកួតផ្លូវការជាលើកទី១នៃរដូវកាលនេះ វានឹងមានការប្រកួតជាច្រើនទៀត»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «យើងនឹងស្វែងរករូបមន្តដ៏ត្រឹមត្រូវសម្រាប់ក្រុមជម្រើសជាតិអ៊ីតាលីមួយនេះ យើងត្រូវតែមានការអត់ធ្មត់បន្តិច ប៉ុន្តែ ក្រុមអ៊ីតាលីដែលយើងចង់បាន មិនទាន់មានវត្តមាននៅឡើយទេ។ យើងសង្ឃឹមថា យើងនឹងបង្កើតបានក្នុងពេលឆាប់ៗនេះ»។

លោក Mancini បានប្រកាសថា ខ្សែប្រយុទ្ធ Federico Chiesa របស់ក្លិប Fiorentina នឹងលេងក្នុងជម្រើសដំបូង ក្រោយពីកីឡាករវ័យ២០ឆ្នាំរូបនេះ បានបង្ហាញពីទម្រង់លេងដ៏ល្អ នៅពេលដែលរូបគេបានចូលលេងកាលពីថ្ងសុក្រ រួមជាមួយនឹងអ្នកចាំទី Gianluigi Donnarumma។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕
Mancini បានការពារខ្សែប្រយុទ្ធធ្លាក់ទម្រង់ Balotelli មុនប៉ះ ព័រទុយហ្គាល់ រាត្រីនេះ
អត្ថបទទាក់ទង
