Harry Maguire ទីបំផុត​បាន​សម្រេច​ពី​អនាគត​របស់​ខ្លួន​នៅ​បន្ត​ជាមួយ​ Leicester City ក្រោយ​កាន់​ប៊ិច​ចុះ​ហត្ថលេខា​៥​ឆ្នាំ​បន្ថែម។​

កីឡាករ​វ័យ​២៥​ឆ្នាំ​​ចូល​រួម​ជាមួយ​ក្រុម​រហស្សនាម​ថា​កញ្ជ្រោង​ដោយ​ផ្ទេរ​ពី​ Hull City កាល​ពី​ឆ្នាំ​២០១៧ ហើយ​លេង​សឹង​គ្រប់​ប្រកួត​នៅ​ Premier League រដូវ​កាល​មុន​​ និង​ជា​តួ​អង្គ​សំខាន់​ជួយ​ជម្រើស​ជាតិ​អង់គ្លេស​ឡើង​ដល់​ World Cup វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។​

Maguire ដែល​ Manchester United តាម​ទិញ​តែ​មិន​ជោគជ័យ​​បាន​និយាយ​ថា៖​ “Leicester បាន​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​លេង​នៅ Premier League និង​អភិវឌ្ឍន៍​សមត្ថភាព​ខ្ញុំ​រហូត​បាន​លេង​ World Cup។ ខ្ញុំ​ពិត​ជា​អរគុណ​ និង​យល់​ថា​ខ្លួន​ឯង​បាន​ជំពាក់​ក្លឹប​ច្រើន”។

ខ្សែ​ការពារ​រូប​នេះ​បាន​បង្ហាញ​ខ្លួន​នៅ​ប្រកួត​ទី​១៣​ជាមួយ​ជម្រើស​ជាតិ​អង់គ្លេស​តែ​ចាញ់​ អេស្ប៉ាញ​ ២-១ នៅ​ Wembley កាល​ពី​ថ្ងៃ​សៅរ៍​ក្នុង​ប្រកួត​បើក​ឆាក​​កម្មវិធី​ UEFA Nations League៕