ក្រុមម្ចាស់ជើងឯកពិភពលោកបារាំង មានកីឡាករ ៨នាក់ ពោលគឺតិចជាងអតីតក្រុមម្ចាស់ជើងឯកអេស្ប៉ាញ ម្នាក់ ក្នុងបញ្ជីឈ្មោះបេក្ខភាពកីឡាករចុងក្រោយទាំង ៥៥នាក់របស់ FIFPro សម្រាប់ការឈ្នះពានក្រុមកីឡាករឆ្នើមទាំង ១១នាក់ក្នុងពិភពលោកគឺ World XI ឆ្នាំ២០១៨។ កីឡាករ ១០នាក់ក្នុងចំណោមកីឡាករឆ្នើមទាំង ១១នាក់របស់ពិភពលោក កាលពីឆ្នាំមុន ក្នុងនោះរាប់បញ្ចូលទាំង Cristiano Ronaldo និង Lionel Messi សុទ្ធសឹងមានឈ្មោះក្នុងបញ្ជី ខណៈដែលក្លិបយក្សអេស្ប៉ាញ Real Madrid គឺជាក្លិបមានកីឡាករច្រើនជាងគេបំផុតពោលគឺដល់ទៅ ១១នាក់។

ក្រុមជម្រើសជាតិអង់គ្លេស ដែលបានឈានទៅប្រកួត World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មានបេក្ខភាព ៣នាក់ដែលរួមមានខ្សែប្រយុទ្ធ Harry Kane និងខ្សែការពាររបស់ក្លិប Tottenham Hotspur ក៏ដូចជាខ្សែការពារ Kyle Walker របស់ក្លិប Manchester City។ ខ្សែប្រយុទ្ធ Mohamed Salah និង Sadio Mane របស់ក្លិប Liverpool គឺជាបេក្ខភាពតែ ២នាក់របស់ទ្វីបអាហ្វ្រិក។ ខ្សែប្រយុទ្ធអន្តរជាតិវេលស៍ Gareth Bale របស់ក្លិប Real ដែលបានស៊ុតបាល់បញ្ចូលទី ២គ្រាប់ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ កាលពីខែឧសភា ក្នុងពេល Real Madrid ទទួលជ័យជម្នះ ៣-១ នោះ មិនបានជាប់ក្នុងបញ្ជីឈ្មោះកីឡាករទាំង៥៥នាក់ចុងក្រោយឡើយ។

កីឡាករបាល់ទាត់អាជីពប្រមាណជា ២៥០០០នាក់ មកពីប្រទេសចំនួន៦៥ បានចូលរួមក្នុងការបោះឆ្នោតដើម្បីកាត់សេចក្តីទៅលើបេក្ខភាព។ ក្រុម World XI នឹងត្រូវប្រកាសក្នុងកម្មវិធីប្រគល់ពាន The Best FIFA Football Awards ក្នុងទីក្រុងឡុងដ៍ នាថ្ងៃទី២៤ ខែកញ្ញា ខាងមុខនេះ៕

ប្រភព៖ Channel News Asia
កីឡាករបារាំង និងអេស្ប៉ាញ គ្រប់គ្រងក្នុងបញ្ជីបេក្ខភាពពាន FIFPro World XI
អត្ថបទទាក់ទង
