លោក Luis Enrique បានចាត់ទុកថា វាជាការចាប់ផ្តើមយ៉ាងល្អឥតខ្ចោះ ក្រោយពីក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានបន្ថែមជ័យជម្នះរបស់ខ្លួន បន្ទាប់ពីបានផ្តួលក្រុមជម្រើសជាតិអង់គ្លេស តាមរយៈការលត់ក្រុមជម្រើសជាតិក្រូអាស៊ី យ៉ាងចាស់ដៃក្នុងលទ្ធផល ៦-០ កាលពីថ្ងៃអង្គារ។

អេស្ប៉ាញ បានរកគ្រាប់បាល់នាំមុខដល់ទៅ ៣គ្រាប់នៅត្រឹមតង់ទី១ នៅពេលប្រកួតជាមួយនឹងក្រុមម្ចាស់ជើងឯករងនៃយុទ្ធនាការ World Cup ក្រូអាស៊ី តាមរយៈគ្រាប់បាល់ ២គ្រាប់របស់ Marco Asensio និងគ្រាប់បាល់បើកឆាកពីសំណាក់កីឡាករ Saul Niguez។ បន្ទាប់មក Asensio បានជួយឲ្យក្រុមខ្លួនរកបាន ៣គ្រាប់បន្ថែមទៀតក្នុងតង់ទី២ ខណៈដែលកីឡាករ Rodrigo Moreno, Sergio Ramos និង Isco បានបំពេញជ័យជម្នះយ៉ាងកក់ក្តៅក្នុងការប្រកួតនៅទីក្រុង Elche។

លោក Luis Enrique ទើបតែបានចូលកាន់តំណែង ក្រោយពីការធ្លាក់ចេញដ៏អាម៉ាស់ ក្រោមស្នាដៃក្រុមជម្រើសជាតិរុស្ស៊ី ក្នុងព្រឹត្តិការណ៍ World Cup បានធ្វើឲ្យក្រុមជម្រើសជាតិអេស្ប៉ាញ ស្ថិតក្នុងភាពមិនច្បាស់ បើទោះបីទម្រង់លេងបែបគ្រប់គ្រងបាល់ឲ្យបានច្រើនរបស់ពួកគេបានជួយឲ្យពួកគេឈ្នះពានធំៗ៣លើកជាប់ៗគ្នា នៅចន្លោះឆ្នាំ២០០៨ និងឆ្នាំ២០១២ក៏ដោយ។ ការផ្តួលក្រុម២ ដែលសុទ្ធសឹងបានឈានទៅប្រកួត World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងរយៈពេល ៤ថ្ងៃ ធ្វើឲ្យអេស្ប៉ាញ ឈរនៅលើកំពូលតារាងនៃពូល 2 ក្នុង League A នៃយុទ្ធនាការ Nations League។ លោក Luis Enrique បានឲ្យដឹងថា៖ «វានឹងក្លាយជារឿងដ៏ងាយស្រួលក្នុងការនិយាយថា នេះហើយគឺជាក្រុមអេស្ប៉ាញ ក្រោយពីបានបង្កើតឱកាសជាច្រើន និងបណ្តោយឲ្យមានគ្រាប់បាល់ចូលទីរបស់ខ្លួនតិចតួច ប៉ុន្តែ អ្វីដែលជាការពិតនោះគឺថា ខ្ញុំកំពុងផ្លាស់ប្តូរអ្វីៗបានយ៉ាងរហ័ស»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia