យុទ្ធនាការលំដាប់ទី៣ សម្រាប់ក្លិបរបស់ UEFA នឹងត្រូវចាប់ផ្តើមប្រកួតចាប់ពីរដូវកាលឆ្នាំ២០២១-២០២២ ដោយមានក្រុមចំនួន៣២ ក្នុងវគ្គចែកពូល។ នេះបើយោងទៅតាមប្រធានសហព័ន្ធដែលតំណាងឲ្យក្លិបធំៗបំផុតរបស់ទ្វីបអឺរ៉ុប កាលពីថ្ងៃអង្គារ។

លោក Andrea Agnelli ប្រធានសហព័ន្ធក្លិបទ្វីបអឺរ៉ុប ហៅកាត់ថា ECA បានប្រាប់សមាជិករបស់ខ្លួនក្នុងកិច្ចប្រជុំមួយក្នុងទីក្រុង Split ថា វានឹងមានយុទ្ធនាការលំដាប់ទី៣ ដែលនឹងត្រូវរៀបចំឡើងរួមជាមួយនឹងក្របខ័ណ្ឌដែលមានស្រាប់ដូចជា Champions League ដែលជាយុទ្ធនាការលំដាប់ទី១ និងក្របខ័ណ្ឌលំដាប់ទី២ Europa League។ ក្រោយមក ECA បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា សំណើនេះគឺជាមានគោលបំណងក្នុងការកាត់បន្ថយចំនួនក្រុមក្នុងក្របខ័ណ្ឌ Europa League វគ្គចែកពូលពី៤៨ នៅត្រឹម ៣២ក្រុម។ ក្របខ័ណ្ឌ Champions League នឹងរក្សានៅដដែលជាមួយនឹងក្រុមចំនួន ៣២ក្នុងវគ្គចែកពូល។

ការបើកភ្លើងខៀវនេះ ត្រូវបានផ្តល់ឲ្យដើម្បីរៀបចំយុទ្ធនាការលំដាប់ទី៣ ចាប់ពីរដូវកាលឆ្នាំ២០២១-២០២២។ លោក Agnelli បានបញ្ជាក់ថា យុទ្ធនាការនេះ នៅតែត្រូវទទួលការអនុម័តពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា UEFA។ អឺរ៉ុប ធ្លាប់មានយុទ្ធនាការក្របខ័ណ្ឌលំដាប់ទី៣ សម្រាប់ក្រុមឈ្នះពានក្នុងស្រុកនានា ដែលមានឈ្មោះថា Cup Winners’ Cup ប៉ុន្តែ ពាននេះត្រូវបានលុបចោលវិញក្នុងឆ្នាំ១៩៩៩។ បច្ចុប្បន្ន ក្រុមឈ្នះពាន ឈានទៅកាន់ក្រាបខ័ណ្ឌ Europa League តែម្តង៕

ក្លិបនៅអឺរ៉ុប យល់ព្រមឲ្យ UEFA រៀបចំយុទ្ធនាការលំដាប់ទី៣
អត្ថបទទាក់ទង
