ខ្សែបម្រើ N’Golo Kante កាលពីពេលកន្លងទៅ ធ្លាប់បានទម្លាយថា ដោយស្ទាក់ស្ទើរអំពីអនាគតនៃអាជីពបាល់ទាត់ ខ្លួនបានរៀនផ្នែកគណនេយ្យរហូតដល់បានសញ្ញាប័ត្រ។

នៅពេលបញ្ចប់ថ្នាក់វិទ្យាល័យនៅអាយុ ១៨ ឆ្នាំ Kante បានចុះឈ្មោះចូលរៀនផ្នែកគណនេយ្យនៅអំឡុងឆ្នាំ ២០១០ ហើយរៀនជំនាញនេះបាន ២ ឆ្នាំ ហើយក៏បានសញ្ញាប័ត្រ។ កីឡាករបារាំង បាននិយាយថា មូលហេតុដែលនាំឲ្យខ្លួនចូលរៀនផ្នែកនេះ ព្រោះខ្សែបម្រើមានភាពស្ទាក់ស្ទើរទាក់ទងនឹងអនាគតអាជីពបាល់ទាត់របស់ខ្លួន។ ក្នុងអំឡុងពេល ២ ឆ្នាំរៀនផ្នែកគណនេយ្យ Kante ស្ថិតនៅឈុតយុវជននៅឡើយនៅក្លឹប Boulogne ហើយមិនទាន់ក្លាយជាកីឡាករអាជីព។ ការណ៍នេះធ្វើឲ្យ Kante រកចំណូលមិនបានច្រើនទេពីអាជីពបាល់ទាត់។

ទោះជាយ៉ាងណា នៅឆ្នាំ ២០១២ ក្លឹប Boulogne បានឲ្យ Kante ចូលរួមជាមួយឈុតធំ ហើយក៏ក្លាយជាកីឡាករបាល់ទាត់អាជីព។ នៅពេលនោះហើយ ដែល Kante ផ្ដោតអារម្មណ៍លើបាល់ទាត់។ លេងនៅទីនោះ បានមួយឆ្នាំ ខ្សែបម្រើបានផ្ទេរទៅចូលរួមជាមួយក្លឹប Caen។
ក្រោយរួមរស់ជាមួយ Caen បាន ២ ឆ្នាំ Kante បានមកចូលរួមជាមួយ Leicester City នៅឆ្នាំ ២០១៥ ហើយក៏ជួយក្លឹបឲ្យឈ្នះពាន Premier League យ៉ាងភ្ញាក់ផ្អើលនៅរដូវកាល ២០១៥/១៦។ ក្រោយមក Kante បានមកចូលរួមជាមួយ Chelsea ហើយក៏បានរួមចំណែកជួយក្លឹបឲ្យឈ្នះ Premier League រដូវកាល ២០១៦/១៧។ រហូតមកទល់បច្ចុប្បន្ន កីឡាករបារាំង បន្តស្ថិតក្នុងចំណោមកីឡាករបង្គោលសម្រាប់ក្លឹបតោខៀវ។

ក្នុង World Cup ២០១៨ កីឡាករ Kante បានបង្ហាញទម្រង់លេងបានយ៉ាងល្អ ហើយបានរួមចំណែកជួយក្រុមជម្រើសជាតិបារាំងឲ្យឈ្នះកម្មវិធីជាលើកទី ២ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន៕
Via: Sabay
