ក្រុមតោខៀវ Chelsea បាន​បន្ត​កំណត់ត្រា​ឈ្នះ​១០០%​ពី​៥​ប្រកួត​នៅ​ Premier League ក្រោយ​វាយ​បក​យក​ឈ្នះ​ Cardiff City ៤​ទល់​នឹង​១​កាល​ពី​យប់​មិញ។​

៤​គ្រាប់​របស់​ក្រុម​តោ​ខៀវ​ស៊ុត​បញ្ចូល​ទី​ដោយ​ Eden Hazard ៣គ្រាប់​ម្នាក់​ឯង​នៅ​នាទី​ ៣៧, ៤៤ និង​​៨០ ហើយ​ Willian ស៊ុត​បិទ​ឆាក​នៅ​នាទី​៨៣។​ ១​គ្រាប់​តាំង​ពី​ដើម​តង់​របស់​ Cardiff City ធ្វើ​បាន​សម្រេច​ដោយ​ខ្សែ​ការពារ​កូតឌីវ័រ​ Sol Bamba។

ក្រោយ​ជ័យ​ជម្នះ​នេះ​បាន​ធ្វើ​ឲ្យ​ Chelsea រុញ​ Liverpool មក​លេខ​២​ ហើយ​ឡើង​ទៅ​កាន់កាប់​កំពូល​តារាង​វិញ​ដោយ​សារ​តែ​មាន​គ្រាប់​បាល់​លើស​។​ យ៉ាង​ណា​ទោះ​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​ ឬ​ស្មើ​និង​កំពុង​ឈរ​លេខ​១​តែ​ Maurizio Sarri បាន​និយាយ​ថា​ក្រុម​របស់​លោក​មិន​អាច​ក្លាយ​ជា​ជើង​ឯក​ទេ។​

“សម្រាប់​ពេល​នេះ​ខ្ញុំ​មើល​ឃើញ​តែ​ City ឬ​ Liverpool ប៉ុណ្ណោះ​ដែល​អាច​ឈ្នះ Premier League។ Chelsea ត្រូវ​ការ​អភិវឌ្ឍន៍​បន្ថែម​ទៀត​ដើម្បី​ឡើង​ទៅ​​កម្រិត​ក្រុម​ទាំង​២ ខ្ញុំ​សង្ឃឹម​ថា​វា​នឹងអាច​​ឆាប់ៗ​ តែ​មិន​ងាយ​ស្រួល​ឡើយ។​ ពួក​យើង​ត្រូវ​ការ​ពង្រឹង​ ​ពិសេស​គឺ​តំបន់​ការពារ​ដែល​ហាក់​នៅ​មិន​ទាន់​រឹងមាំ”។ Sarri និយាយ​ដូច្នេះ៕