Zlatan Ibrahimovic បានក្លាយជាកីឡាករឆ្នើមមួយរូបទៀតដែលមានកំនត់ត្រាស៊ុតបញ្ចូលទីច្រើនបំផុតរហូតដល់ ៥០០គ្រាប់ សម្រាប់ការប្រកួតជាមួយក្រុមបាល់ទាត់អាជីព និងលក្ខណៈអន្តរជាតិ ដូចទៅនិងកីឡាករឆ្នើមលំដាប់ពិភពលោកទាំងពីររូបគឺ ១.Lionel Messi និង ២.Cristiano Ronaldo ដែលមានកំណត់ត្រាស៊ុតបញ្ចូលទីមិនតិចជាង ៥០០គ្រាប់ក្រោយពីស៊ុតបញ្ចូលទី ក្នុងការប្រកួតដណ្តើមពានរង្វាន់លីកកំពូលនៅសហរដ្ឋអាមេរិកសម្រាប់ក្រុម LA Galaxy ចាញ់ក្រុម Toronto ក្នុងលទ្ធផល៥:៣ ទោះបីជាចាញ់ការប្រកួតនេះ ប៉ុន្តែ Zlatan មានឪកាសរកគ្រាប់បាល់ស៊ុតបញ្ចូលទី ១គ្រាប់ដោយបច្ចេកទេសទាត់បកក្រោយនៅនាទីទី៤៣ មុនបញ្ចប់តង់ទី១ ផងដែរ។

Ibrahimovic បាននិយាយប្រាប់ TSN បន្ទាប់ពីបញ្ចប់ការប្រកួតថា “ខ្ញុំសប្បាយរីករាយណាស់ សម្រាប់ក្រុម Toronto ព្រោះពួកគេនឹងត្រូវចងចាំថាគ្រាប់បាល់ទី៥០០ របស់ខ្ញុំ“។ វាជាគ្រាប់បាល់ទី១៧ របស់អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិស៊ុយអ៊ែត Ibrahimovic ក្នុងការបង្ហាញខ្លួនចំនួន ១៨លើកសម្រាប់ក្រុម LA Galaxy ចាប់តាំងពីផ្ទេរពីក្រុម Manchester United កាលពីខែមីនាដោយគ្មានតម្លៃខ្លួន និងបានធ្វើអោយរូបគេ ក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេទីពីរក្នុងក្របខ័ណ្ឌ MLS នៅរដូវកាលនេះ។

ស្ថិតនៅក្នុងវ័យ ៣៦ឆ្នាំ Ibrahimovic បានបង្ហាញខ្លួន ៧៤៧លើកនិងមានកំនត់ត្រាស៊ុតបញ្ចូលទី ៤៣៨គ្រាប់ សម្រាប់ក្រុម Malmo, Ajax, Juventus, Inter Milan, Barcelona, AC Milan, Paris St-Germain, United និង LA Galaxy នាពេលកន្លងមក។ សម្រាប់ក្រុមជម្រើសជាតិស៊ុយអ៊ែតរូបគេបានបង្ហាញខ្លួន ១១៤ប្រកួត និងរកបាន ៦២គ្រាប់។

ប្រភព៖ BBC