ក្រុម West Ham United បានផ្តួលក្រុម Everton ក្នុងលទ្ធផល ៣-១ នាកីឡដ្ឋាន Goodison Park កាលពីថ្ងៃអាទិត្យ ដើម្បីកត់ត្រាជ័យជម្នះជាលើកទី១របស់ពួកគេក្នុងការប្រកួតក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ ខណៈដែលលោក Marco Silva បានភ្លក្សរសជាតិនៃការបរាជ័យជាលើកទី១ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្រុម Everton។

ក្រុម West Ham បានរកគ្រាប់បាល់នាំមុខមុន ក្រោយពីលេងបានរយៈពេល១១នាទី បន្ទាប់ពីការវាយបករហ័សពីសំណាក់ Andriy Yarmolenko ហើយខ្សែប្រយុទ្ធអន្តរជាតិអ៊ុយក្រែនរូបនេះ បានស៊ុតបាល់កោងចូលទីយ៉ាងល្អក្នុងរយៈពេល ២០នាទីក្រោយមក ដើម្បីជួយឲ្យក្រុមខ្លួននាំមុខ ២-០។ ខ្សែបម្រើ Gylfi Sigurdsson បានជួយឲ្យក្រុម Everton វាយបកបាន១គ្រាប់វិញនៅជិតបញ្ចប់តង់ទី១ ប៉ុន្តែ គ្រាប់បាល់បញ្ចូលទីរបស់កីឡាករ Marko Arnautovic ក្រោយពីលេងបាន៦០នាទី បានជួយឲ្យក្រុម West Ham ឡើងផុតពីបាតតារាង ដើម្បីឈរក្នុងចំណាត់ថ្នាក់លេខ១៦តែម្តង។

ក្រុម Everton មិនបានស៊ុតបាល់សំដៅទីសូម្បីតែ១គ្រាប់ក្នុងតង់ទី២ ខណៈដែលពួកគេបានរងបរាជ័យជាលើកទី៣ក្រោមស្នាដៃក្រុម West Ham ក្នុងចំណោមការជួបគ្នា២១លើកចុងក្រោយរបស់ពួកគេ ក្នុងក្របខ័ណ្ឌ Premier League។ ស្របពេលជាមួយគ្នានេះ កីឡាករ Raul Jimenez បានរកគ្រាប់បាល់បញ្ចូលទីតែ១គ្រាប់ក្នុងការប្រកួត ខណៈដែលក្រុម Wolverhampton Wanderers បានបន្តទម្រង់លេងយ៉ាងល្អរបស់ខ្លួននៅដើមរដូវកាលនៃក្របខ័ណ្ឌ Premier League តាមរយៈការទទួលជ័យជម្នះ ១-០ លើក្រុម Burnley កាលពីថ្ងៃអាទិត្យ៕

ប្រភព៖ Channel News Asia