Mohamed Salah បានបង្ហាញពីទម្រង់លេងល្អប្រសើរជាងតារាឆ្នើម Neymar និង Kylian Mbappe ក្នុងការប្រកួតក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុន ប៉ុន្តែ ខ្សែប្រយុទ្ធឆ្នើមទាំង២របស់ក្រុម Paris Saint-Germain នឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Anfield នៅរាត្រីថ្ងៃអង្គារ ដោយសម្លឹងរកការស្តារមុខមាត់នានា ស្របពេលដែលខ្សែប្រយុទ្ធអន្តរជាតិអេហ្ស៊ីបរូបនេះ កំពុងតែព្យាយាមរកទម្រង់លេងដ៏ល្អឥតខ្ចោះរបស់គេក្នុងយុទ្ធនាការទី១របស់គេជាមួយ Liverpool។

ការមិនអាចបង្ហាញពីទម្រង់លេងក្នុងកម្រិតកំពូលរបស់ Salah បានកើតឡើងក្នុងការបង្ហាញខ្លួនជាលើកចុងក្រោយរបស់គេក្នុងក្របខ័ណ្ឌ Champions League កាលពីរយៈពេល៤ខែមុន។ កាលពីខែឧសភា Salah បានបង្កើតឲ្យមានការចាប់អារម្មណ៍ផ្សេងៗ ខណៈដែលគ្រាប់បាល់សរុបចំនួន៤៤គ្រាប់របស់គេបានជួយឲ្យក្រុម Liverpool ឈានទៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League និងបានជួយឲ្យពួកគេឈ្នះសិទ្ធិទៅលេងក្នុងយុទ្ធនាការនៃរដូវកាលនេះ។ ប៉ុន្តែ ទោះបីជាយ៉ាងណា រូបគេបានចូលលេងត្រឹមតែ៣០នាទីប៉ុណ្ណោះក្នុងទីក្រុងគៀវ ក្រោយពីការរបួសស្មាររបស់គេ នៅពេលដែលត្រូវបានចាប់បោកផ្តួលទៅលើទីលាន ដោយខ្សែការពារ Sergio Ramos របស់ក្លិប Real Madrid ហើយក្លិបយក្សរបស់អេស្ប៉ាញមួយនេះ បានបន្តទៅលើកពាន តាមរយៈការដណ្តើមបានជ័យជម្នះ ៣-១។

ក្នុងការប្រកួត៥លើកនៃ Premier League របស់ក្រុម Liverpool ខ្សែប្រយុទ្ធ Salah រកបានគ្រាប់បាល់បញ្ចូលទីត្រឹមតែ២គ្រាប់គត់ និងបានខ្ជះខ្ជាយឱកាសជាច្រើន។ ប៉ុន្តែ មកទល់ពេលនេះ ការធ្លាក់ចុះទម្រង់លេងរបស់ Salah មិនបានជះឥទ្ធិពលដល់ក្រុមរបស់លោក Jurgen Klopp ឡើយ។ ក្រោយពីការយកឈ្នះ ២-១ លើក្រុម Tottenham កាលពីថ្ងៃសៅរ៍ លោក Klopp បានឲ្យដឹងថា៖ «ពិតណាស់ វាពិតជារឿងដ៏សំខាន់ណាស់ដែលយើងមិនមានខ្សែប្រយុទ្ធតែម្នាក់។ វានៅតែដំណាក់កាលដំបូងនៅឡើយទេ។ យើងបានឈ្នះការប្រកួតបើកឆាកទាំង៥លើក ហើយយើបានវិវឌ្ឍយ៉ាងល្អ»៕

ប្រភព៖ Sport24
កីឡាករ Salah ត្រៀមបង្ហាញថ្វីជើង ខណៈ Liverpool ធ្វើជាម្ចាស់ផ្ទះទទួល PSG
អត្ថបទទាក់ទង
