លោក Luciano Spalletti គ្រូបង្វឹករបស់ក្រុម Inter Milan ជឿជាក់ថា Harry Kane នឹងក្លាយជាខ្សែប្រយុទ្ធត្រូវចាប់អារម្មណ៍ ប៉ុន្តែ លោកសង្ឃឹមថា ភាពរំភើបនៃការវិលទៅកាន់យុទ្ធនាការដ៏អស្ចារ្យនៃកីឡាបាល់ទាត់ នឹងជួយដល់ក្រុមអ៊ីតាលីរបស់លោក ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គចែកពូលជាមួយនឹងក្រុម Tottenham នៅរាត្រីនេះ។

បើទោះបីបានចាប់ផ្តើមទាំងភាពត្រដាបត្រដួសក្នុងយុទ្ធនាការលីកក្នុងស្រុករបស់ខ្លួនក៏ដោយ ប៉ុន្តែ ក្រុម Inter នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមរបស់អង់គ្លេសមួយនេះ នាកីឡដ្ឋាន San Siro ខណៈនេះគឺជាការវិលត្រឡប់ទៅកាន់ការប្រកួតក្របខ័ណ្ឌ Champions League ជាលើកទី១របស់ពួកគេ បើគិតចាប់តាំងពីរដូវកាលឆ្នាំ២០១១-២០១២។ ក្រុមទាំង២ បានបញ្ចប់ការប្រកួតក្របខ័ណ្ឌលីកកាលពីចុងសប្តាហ៍ថ្មីៗនេះ ដោយការចាញ់ដូចគ្នា ខណៈដែលក្រុម Inter បានរងបរាជ័យក្រោមស្នាដៃក្រុម Parma ក្នុងលទ្ធផល ១-០ ហើយក្រុម Tottenham បានចាញ់ក្រុម Liverpool ២-១ នៅលើទឹកដីខ្លួនឯង។ លោក Spalletti បានប្រាប់សន្និសីទសារព័ត៌មាននៅមុនពេលការប្រកួតថា៖ «Harry Kane ថយចុះកម្លាំងឬ? ខ្ញុំមិនគិតបែបនោះឡើយ។ យើងបានឃើញការប្រកួតជាច្រើនរបស់ក្រុម Tottenham ហើយយើងបានឃើញរូបគេធ្វើការគ្រប់ស្ថានភាពទាំងអស់។ Tottenham ពឹងផ្អែកជាច្រើនលើកីឡាកររូបនេះ»។

គ្រូបង្វឹករបស់ក្រុម Inter រូបនេះ ជឿជាក់ថា ការប្រកួតនេះ អាចនឹងក្លាយជាចំណុចនៃការផ្លាស់ប្តូរ សម្រាប់ក្រុមរបស់លោក ដែលមានត្រឹមតែ៤ពិន្ទុគត់ ពីការប្រកួតក្របខ័ណ្ឌ Serie A ៤លើករបស់ខ្លួន។ លោក Spalletti បានបញ្ជាក់ថា៖ «ក្របខ័ណ្ឌ Champions League គឺជាសួនឧស្យានដ៏រំភើបនៃកីឡាបាល់ទាត់ ពោលគឺកន្លែងដ៏រីករាយរបស់កីឡាបាល់ទាត់។ វាជាពិភពដ៏រំភើប និងស្រស់ស្អាត»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១១:៥៥យប់៕