ក្រុម Manchester United នឹងមិនយកទីលានសិប្បនិម្មិតធ្វើជាលែសមួយឡើយ ប្រសិនបើពួកគេមិនអាចផ្តួលក្រុមជើងខ្លាំងរបស់ស្វ៊ីស Young Boys ក្នុងទីក្រុង Bern នាការប្រកួតបើកឆាកនៃក្របខ័ណ្ឌ Champions League បានទេនោះ។ នេះបើយោងទៅតាមការប្រកាសរបស់លោក Jose Mourinho ដែលជាអ្នកចាត់ការទូទៅកាលពីថ្ងៃអង្គារ។

ក្រុម Man United នឹងចាប់ផ្តើមយុទ្ធនាការក្របខ័ណ្ឌអឺរ៉ុបរបស់ពួកគេ នៅលើទីលានសិប្បនិម្មិតរបស់ក្រុមម្ចាស់ផ្ទះនៅរាត្រីនេះ ហើយលោក Mourinho បានលើកយកសមត្ថភាពរបស់កីឡាករវាយកូនបាល់ដ៏ឆ្នើម Roger Federer របស់ស្វ៊ីស ក្នុងការសម្របខ្លួនក្នុងការលេងនៅលើទីលានផ្សេងៗគ្នាធ្វើជាឧទាហរណ៍មួយទៅលើរបៀបដែលក្រុមរបស់លោកគួរតែសម្របខ្លួនក្នុងលក្ខខណ្ឌផ្សេងៗ។ Federer ដែលជាម្ចាស់ជើងឯកពាន Grand Slam ២០សម័យកាល បានឈ្នះពានជាច្រើននៅលើគ្រប់ផ្ទៃនៃទីលានទាំងអស់ក្នុងកីឡារបស់គេ ហើយលោក Mourinho បាននិយាយកោតសរសើរពីសមត្ថភាពនៃការសម្របខ្លួនរបស់កីឡាករសញ្ជាតិស្វ៊ីសរូបនេះ។

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «ខ្ញុំមិនប្រើប្រាស់ទីលានសិប្បនិមិ្មត ធ្វើជាលែសមួយសម្រាប់ការបង្ហាញពីទម្រង់លេងមិនល្អឡើយ»។ លោក Mourinho បានបន្ថែមទៀតថា៖ «គ្រប់គ្នាដឹងថា វាមានភាពផ្សេងគ្នា ប៉ុន្តែ យើងកំពុងតែស្ថិតក្នុងប្រទេសស្វ៊ីស ដែលជាទឹកដីរសប់កីឡាករវាយកូនបាល់ដ៏ឆ្នើមម្នាក់ ហើយខ្ញុំជឿជាក់ថា កីឡាកររូបនេះ ពេលខ្លះមិនរីករាយក្នុងការលេងនៅលើទីលានមួយបែបនេះឡើយ ប៉ុន្តែ រូបគេត្រូវតែលេង ហើយរូបគេត្រូវតែឈ្នះ»។ Man United នឹងឈានទៅកាន់ការប្រកួតនេះ ប្រកបដោយការជឿជាក់ ក្រោយពីបានកត់ត្រាជ័យជម្នះក្នុងការប្រកួតក្របខ័ណ្ឌ Premier League ២លើកចុងក្រោយតាមរយៈការផ្តួលក្រុម Burnlely និង Watford។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២ទៀបភ្លឺ៕

ប្រភព៖ Channel News Asia