សម្រាប់ការប្រកួតបាល់ទាត់សម័យទំនើបនាសតវត្សទី២១នេះ មានកីឡាករជាច្រើនពិសេសនៅតំបន់បម្រើ និងប្រយុទ្ធតែងតែមានឪកាសរកបានគ្រាប់បាល់បញ្ចូលទីអោយក្រុមបាល់ទាត់អាជីពរបស់ខ្លួន និង ជម្រើសជាតិតំណាងអោយប្រទេសនីមួយៗ។ យ៉ាងណាមិញសម្រាប់កីឡាករដែលលេងនៅតំបន់ខ្សែការពារវិញកម្រនិងមានឪកាស រឺអាចនិយាយបានថាមានឪកាសតិចតួចក្នុងការរកគ្រាប់បាល់បញ្ចូលទី ជាពិសេសនៅពេលដែលមានបាល់ពិន័យ(Corner)ពីខាងជ្រុងម្តងៗ នោះជាឪកាសសម្រាប់កីឡាករ មានតួនាទីខ្សែការពារឡើងមកតែតបាល់ និងពេលខ្លះកីឡាករមួយចំនួនមានសមត្ថភាពអាចបណ្តើរបាល់ឡើង ទៅគាំទ្រខ្សែបម្រើ និង ខ្សែប្រយុទ្ធហើយលេងស៊ីសង្វាក់គ្នា(ប៉ះបាល់អោយគ្នា) នាំអោយខ្សែការពារទាំងនោះ មានឪកាសរកបានគ្រាប់បាល់បញ្ចូលទីជានិច្ចជាកាលផងដែរ។

ខាងក្រោមនេះគឺជាកីឡាករឆ្នើមទាំង ៧រូបដែលកំពុងលេចធ្លោ និងមួយចំនួនទៀតជាកីឡាករមានបទពិសោធន៏ លេងនៅទម្រង់ខ្សែការពារនេះជាយូរណាស់មកហើយ:

៧. Chris Smalling(១៩គ្រាប់)

ខ្សែការពារកណ្តាលរូបនេះរកបាន១៩គ្រាប់ហើយសម្រាប់ក្រុមបិសាចក្រហមចាប់តាំងពីត្រូវអតីតគ្រូបង្វឹក លោក Sir Alex ferguson ចុះហត្ថលេខាផ្ទេរពីក្រុមFulham កាលពីឆ្នាំ២០១០។ បច្ចុប្បន្នសម្រាប់ រដូវកាលថ្មីក្រោយ បង្ហាញខ្លួនបាន៣ប្រកួត Smalling អាចរកបានគ្រាប់បាល់ដំបូងក្នុងរដូវកាលនេះកំលុងពេលជំនួបជាមួយក្រុម Watford កាលពីសប្តាហ៏មុន។

៦. Marcos Alonso(២៨គ្រាប់)

ខ្សែការពារឆ្វេងក្រុមតោខៀវChelsea Alonso អាចមានសមត្ថភាពស៊ុតបញ្ចូលទីបានអោយក្រុម គិតចាប់តាំង ពីការផ្លាស់ពីក្រុមFiorentina មកលេងអោយក្រុមChelsea កាលពីរដូវកាល២០១៦-២០១៧ មកម្លេះ។ កីឡាករក្រុមជម្រើសជាតិអេស្បាញរូបនេះ បានបង្ហាញទម្រង់លេងល្អសម្រាប់រដូវកាលថ្មីក្រោមការដោយដឹកនាំ របស់គ្រូបង្វឹកថ្មីលោកMaurizio Sarri បានរកគ្រាប់បាល់១គ្រាប់ និង Assistបាន៤គ្រាប់ ក្នុងចំណោម គ្រាប់ បាល់សរុបដែលរកបានកន្លងមកគឺ២៨គ្រាប់។

៥. Marcelo(៤៥គ្រាប់)

ខ្សែការពារឆ្វេងកីឡាករ Marcelo បានទទួលតំណែងពីសិស្សច្បងគឺ Roberto Carlos បានបង្ហាញទម្រង់លេងនៅតែល្អរៀងរាល់រដូវកាលក្រោយផ្ទេរពីក្រុម Fluminense មក Real Madrid កាលពីឆ្នាំ២០០៧ និងរកបានគ្រាប់បាល់សរុប ៤៥គ្រាប់។ ជាមួយសមត្ថភាពដែលតែងតែត្រៀមខ្លួនរួចរាល់ដើម្បីបំលាស់ទីវាយប្រហារនិងគាំទ្រដល់មិត្តរួមក្រុមដែលជាខ្សែបម្រើ – ប្រយុទ្ធស្លាបឆ្វេង កីឡាករមានវ័យ ៣០ឆ្នាំរូបនេះមានកំណត់ត្រាស៊ុតបញ្ចូលទីល្អបំផុតក្នុងតួនាទីជាខ្សែការពារម្នាក់។ កីឡាករអន្តរជាតិប្រេស៊ីលរូបនេះមិនទាន់បានរកគ្រាប់បាល់នៅឡើយទេនៅរដូវកាលនេះប៉ុន្តែជាមួយនឹងកំណត់ត្រា និង សមត្ថភាព ជឿជាក់ថារូបគេនិងរកពិន្ទុអោយក្រុមក្នុងពេលឆាប់ៗនេះ។

៤.Thomas Meunier(៤៧គ្រាប់)

ជាសមាជិកនិងជាខ្សែការពារស្តាំដ៏សំខាន់ម្នាក់ដែលបានជួយក្រុមជម្រើសជាតិបែលហ្សិកទទួលជ័យលាភីលេខ៣ពានរង្វាន់បាល់ទាត់ FIFA World Cup ដ៏អស្ចារ្យឆ្នាំ ២០១៨នេះ។ ប៉ុន្តែជាមួយអវត្តមាន របស់គាត់នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់នឹងប្រទេសបារាំង ជាចំណែកមួយជះឥទ្ធិពល និងធ្វើឱ្យប៉ះពាល់ដល់បែលហ្ស៊ិកខកខានឈានដល់វគ្គផ្តាច់ព្រ័ត្រនោះ។ ក្រោយផ្ទេរពី Club Brugge មក PSG កាលពីឆ្នាំ២០១៦ Meunier រកបានគ្រាប់បាល់សរុប ៤៧គ្រាប់ហើយ។ ប៉ុន្តែសម្រាប់រដូវកាលថ្មីនេះនៅមិនទាន់មានគ្រាប់បាល់ស៊ុតបញ្ចូលទីសម្រាប់ Meunier នៅឡើយទេ ខណៈការចែកបាល់អោយមិត្តរួមក្រុម(Assist)ស៊ុតបញ្ចូលទីបានត្រឹម ១គ្រាប់ប៉ុណ្ណោះ។

៣. Gerard Pique(៥០គ្រាប់)

ខ្សែការពារកណ្តាលដ៏រឹងមាំរបស់ក្រុមអ្នកមានបុណ្យ Barcelona រូបនេះ ឈរនៅលំដាប់ទី៣ ក្នុងនាមជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនបំផុតក្នុងអាជីពសម្រាប់ក្រុមនិងជម្រើសជាតិអេស្បាញគឺប្រមាណ ៥០គ្រាប់ឯណោះ។ជាមួយនិងបច្ចេកទេសបំលាស់ទីដើម្បីរារាំងគូប្រកួតបានរហ័ស និងការពារចំគោលដៅ Pique ក៏មានសមត្ថភាពអាចឆក់ឪកាសឡើងមកតែតបាល់បញ្ចូលទីគូប្រកួត បានជានិច្ចជាកាលផងដែរ។

២. Naldo (៧០គ្រាប់)

កីឡាករខ្សែការពារចាស់វស្សាសញ្ជាតិប្រេស៊ីលរូបនេះ តែងតែបានរកគ្រាប់បាល់សម្រាប់ក្លិបដែលគាត់បានប្រកបអាជីពរបស់គាត់ជាពិសេសគឺជំនាញស៊ុតបាល់ free Kick ពីចំងាយឆ្ងាយ។ ប៉ុន្តែសម្រាប់ក្រុមជម្រើសជាតិ Naldo គឺមិនអាចរកបានសំណាងក្នុងការបង្ហាញខ្លួន ៤ដង ឱ្យជម្រើសជាតិប្រេស៊ីលទេ។ ជាមួយកម្ពស់អំណោយផលរហូតដល់ទៅ ១.៩៨ Naldo កីឡាករវ័យ ៣៦ឆ្នាំ បច្ចុប្បន្នកំពុងលេងអោយក្រុម​ Schalke 0៤ គឺជាខ្សែការពារឈេរនៅលំដាប់ទីពីរដែលមានកំណត់ត្រារកបានគ្រាប់បាល់រហូត ៧០គ្រាប់ក្នុងអាជីព។

១.Sergio Ramos (៩៣គ្រាប់)

ជារឿងដ៏កម្រនិងមិនមានច្រើននោះទេ ដែលក្នុងនាមជាកីឡាករហើយរកបានគ្រាប់បាល់ច្រើនបំផុត រហូតដល់ ៩៣គ្រាប់មកហើយមកទល់ពេលបច្ចុប្បន្នសម្រាប់ Ramos អតីតខ្សែការពារកណ្តាលក្រុម Sevilla។គ្រាប់បាល់មួយចំនួនដែលរកបានរបស់ប្រធានក្រុមជម្រើសជាតិអេស្បាញរូបនេះ កើតចេញពីការស៊ុត បាល់ ពិន័យ ១១ម៉ែត្រនិងការទាត់បាល់ពិន័យ​ FreeKick។ រដូវកាលថ្មីនេះក្រោមការដឹការដឹកនាំរបស់គ្រូបង្វឹកថ្ មីJolen Lopetegui កីឡាករវ័យ ៣២ឆ្នាំរូបនេះ រកបាន ៣គ្រាប់ហើយនៅក្របខណ្ ឌLa Liga (២០១៨-២០១៩)និងបច្ចុប្បន្នកំពុងឈរនៅទីកំពូលជាខ្សែការពារដែលរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនបំផុត។

ប្រភព៖ SportSkeeda