កីឡាបាល់ទាត់ចិនកាលពីថ្ងៃព្រហស្បតិ៍ បានកំណត់ទំហំនៃប្រាក់បៀវត្សរ៍ត្រឹម១០លានយ័ន (ស្មើនឹង១,៤៥លានដុល្លារអាមេរិក) ក្នុងរយៈពេល ១ឆ្នាំសម្រាប់កីឡាករក្នុងស្រុក និងបានសន្យាថា នឹងយកក្រុមនានាចេញពីកុងត្រាដែលគេហៅថា «Yin-Yang»។

ការចាត់វិធានការផ្សេងៗ គឺជាផ្នែកនៃការបង្កើនការខិតខំព្យាយាមពីសំណាក់សហព័ន្ធកីឡាបាល់ទាត់ចិន (CFA) ក្នុងការរារាំងមិនឲ្យមានការចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ និងជួយឲ្យក្រុមនានាស្ថិតក្នុងការប្រជែងគ្នាកាន់តែស្វិតស្វាញ។ បើយោងទៅតាមប៉ុស្តិ៍ទូរទស្សន៍កីឡារបស់រដ្ឋ CCTV5 និងរបាយការណ៍ផ្សេងទៀតពីសន្និសីទសារព័ត៌មានរបស់ CFA ក្នុងពេលបញ្ចប់រដូវកាលនៅទីក្រុងស៊ាងហៃ វាក៏មានចំនួនកំណត់ទៅលើប្រាក់រង្វាន់បន្ថែម និងប្រាក់លើកទឹកចិត្តផ្សេងទៀតផងដែរសម្រាប់កីឡាករក្នុងស្រុក។

កីឡាករបរទេស នឹងមិនរងនូវឥទ្ធិពលនៃការកំណត់លើប្រាក់បៀវត្សរ៍នេះ ដែលនឹងត្រូវប្រើប្រាស់ក្នុងរដូវកាលថ្មីនៃក្របខ័ណ្ឌចិន Super League (CSL) ឡើយ នៅពេលដែលចាប់ផ្តើមនៅរដូវស្លឹកឈើលាស់។ ប៉ុន្តែ ទោះបីជាយ៉ាងណា ការចំណាយប្រចាំឆ្នាំរបស់ក្លិបនីមួយៗមិនអាចច្រើនជាង១,២ពាន់លានយ័នក្នុងឆ្នាំ២០១៩ឡើយ ខណៈដែលការចំណាយនឹងត្រូវកំណត់ត្រឹម៩០០លានយ័នក្នុងឆ្នាំ២០២១។ កាលពី២ឆ្នាំមុន ខ្សែបម្រើប្រយុទ្ធអន្តរជាតិប្រេស៊ីល Oscar បានចូលរួមជាមួយនឹងក្រុម Shanghai SIPG របស់ក្របខ័ណ្ឌ CSL ពីក្លិប Chelsea សម្រាប់តម្លៃខ្លួន៦០លានអឺរ៉ូ ហើយខ្សែប្រយុទ្ធអាហ្សង់ទីន Carlos Tevez បានចូលរួមជាមួយនឹងក្លិប Shanghai Shenhua ខណៈដែលកីឡាករទាំង២ ទទួលបានចំណូលខ្ពស់ជាងគេបំផុតក្នុងពិភពលោក៕

ប្រភព៖ Channel News Asia