លោក Mauricio Pochettino អ្នក​ចាត់​​ការ​ទូទៅ​របស់​ក្រុម Tottenham បាន​សាទរ​ដល់​ក្រុម​របស់​លោក​សម្រាប់​ការ​រក្សា​នូវ​ភាព​រឹង​មាំ​​​ចំពោះ​ការ​​វាយ​សម្រុក​របស់​ក្រុម Borussia Dortmund ដើម្បី​ផ្តួល​ក្រុម​ស្ថិតក្នុងក្រប​ខ័ណ្ឌ Bundesliga មួយ​នេះ ក្នុងលទ្ធផល ១-០ កាលពីថ្ងៃ​អង្គារ និង​ឈ្នះ​ទាំង​២​ជើង​ ៤-០ ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​ចុង​ក្រោយ​។

គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​​នៅ​ដើម​តង់​ទី​២​របស់​ខ្សែ​ប្រយុទ្ធ Harry Kane បាន​ជួយ​ឲ្យក្រុម Spurs ឈ្នះ​កៅអី​ទៅលេង​ក្នុង​វគ្គ​៨ក្រុម​ចុងក្រោយ​ជា​លើក​ទិ​១ ក្នុង​​ចំណោម​​​ការដឹក​នាំ​រយៈពេល​៥​ឆ្នាំ​របស់​លោក Pochettino ប៉ុន្តែ គ្រាប់​បាល់​នោះ​បាន​កើតឡើង ក្រោយពី​​ការ​​សង្គ្រោះ​បាល់​​យ៉ាង​ល្អ​របស់​​អ្នក​ចាំ​ទី​ Hugo Lloris ​ជាបន្ត​បន្ទាប់ នៅមុន​ពេល​​សម្រាក​តង់​ទី​១ ដើម្បី​រា​រាំង​មិន​ឲ្យ​ក្រុម​​ Dortmund បំពេញ​ការ​វាយ​បក​វិញ​។

លោក Pochettino បាន​ឲ្យ​ដឹង​ថា៖ «វា​ពិត​ជា​អស្ចារ្យ​ណាស់​។ ការ​ងារ​បាន​បំបេញ​បញ្ចប់​ហើយ​​។ យើង​កំពុង​តែ​ស្ថិត​ក្នុង​វគ្គ​៨ក្រុម​ចុងក្រោយ​ហើយ​។ ខ្ញុំ​គិត​ថា វា​ពិត​ជា​ការ​ទទួល​បាន​ជ័យជម្នះ​ដ៏​សំខាន់​នៅ​រាត្រិនេះ​។ ក្នុង​តង់​ទី​១ យើង​មាន​បញ្ហា​បន្តិច ប៉ុន្តែ កីឡា​បាល់​ទាត់​​គឺ​ជា​ការ​រង​នូវ​​ការ​លំបាក​ជាមួយ ហើយ​យើងពិត​ជា​ស័ក្តិ​សម​ក្នុ​ងការ​ឈាន​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​»​

គ្រូបង្វឹក​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «Hugo ពិត​ជា​ធ្វើ​បាន​យ៉ាងល្អ​។ យើង​បាន​បណ្តោយ​ឲ្យ​មាន​ឱកាស​ជាច្រើន​ជាង​​ដែល​យើង​បាន​រំពឹង​ទុក ប៉ុន្តែ នោះ​ហើយ​គឺ​ជា​កីឡា​បាល់​ទាត់​។ ប្រភេទ​នៃ​ការ​ប្រកួ​ត​បែប​នេះ នៅពេល​ដែល​អ្នក​ផ្តួល​ពួក​គេ ៣-០ ក្នុង​ជើង​ទី​១ គឺ​​ពិត​ជាលំបាក​ណាស់​។ ពួកគេ​​គ្មាន​អ្វី​ត្រូវ​ចាញ់​ឡើយ​»​

គ្រាប់បាល់​ទី​១៤​របស់ Kane ក្នុង​ការ​បង្ហាញ​ខ្លួន​ត្រឹម​តែ​១៧​លើក​ក្នុងក្រប​ខ័ណ្ឌ Champions League ក៏​បាន​ធ្វើ​ឲ្យ​រូប​គេ​ក្លាយ​ជា​អ្នក​រក​បាន​គ្រាប់​បាល់ច្រើន​ជាង​គេ​គ្រប់​ពេល​ទាំង​អស់​​របស់​ក្លិប​ក្នុង​​យុទ្ធ​នា​ការ​នេះ​ផងដែរ​៕

ប្រភព​ព័ត៌​មាន៖ Cambosport