លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool បានបញ្ជាក់ថា កីឡាកររបស់លោកកំពុងតែរីករាយក្នុងការទទួលយកសម្ពាធផ្សេងៗ ដើម្បីឈ្នះរាល់ការប្រកួតទាំងអស់ ខណៈដែលពួកគេកំពុងតែប្រជែងដណ្តើមពានក្របខ័ណ្ឌ Premier League និង Champions League ក្នុងរដូវកាលតែមួយ។

ក្រុមរបស់លោក Klopp នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Porto ក្នុងការប្រកួតជើងទី១នៃក្របខ័ណ្ឌអឺរ៉ុប វគ្គ៨ក្រុមចុងក្រោយ នៅរាត្រីនេះ ក្រោយពីបានរកគ្រាប់បាល់ឈ្នះនៅជិតបញ្ចប់ការប្រកួត ដើម្បីផ្តួលក្រុម Fulham, Tottenham និង Southampton ខណៈដែលជ័យជម្នះទាំងនេះ បានជួយឲ្យពួកគេឡើងឈរលើកំពូលតារាងពីលើក្រុម Manchester City ដោយនាំមុខ២ពិន្ទុ ក្នុងការប្រជែងដណ្តើមពានដ៏ស្វិតស្វាញ។

Man City នៅសល់ការប្រកួត១លើកទៀតក្នុងដៃ បើធៀបជាមួយនឹងក្រុម Liverpool ដែលមានន័យថា ពានក្របខ័ណ្ឌលីកអង់គ្លេសមួយនេះ នៅតែស្ថិតក្នុងដៃរបស់ក្រុមម្ចាស់ការពារតំណែងជើងឯក Man City ហើយក្រុម Liverpool មិនត្រូវធ្វើឲ្យមានការភ្លាត់ស្នៀតមួយណាឡើយ ក្នុងការប្រកួតក្របខ័ណ្ឌលីកដែលនៅសល់ចំនួន៥ប្រកួតទៀតរបស់ពួកគេ។ ប៉ុន្តែ លោក Klopp ជឿជាក់ថា ការប្រជែងក្នុងការដណ្តើមពានទាំង២ កំពុងតែលើកទឹកចិត្តដល់ក្រុមរបស់លោកមិនឲ្យបោះបង់ចោលការប្រកួតផ្សេងៗ។

លោកបានឲ្យដឹងកាលពីថ្ងៃចន្ទថា៖ «វាជាពេលវេលាដ៏ល្អមួយ។ យើងភ្ញាក់ជារៀងរាល់ព្រឹក ហើយអាកាសធាតុអំណោយផលល្អ ដែលជារឿងដ៏កម្រមួយ។ វាមានភាពកក់ក្តៅនៅខាងក្រៅ ហើយរដូវស្លឹកលាស់កំពុងតែឈានមកដល់ ហើយយើងកំពុងតែស្ថិតក្នុងយុទ្ធនាការធំ២ ប៉ុន្តែយើងត្រូវតែប្រើប្រាស់ស្ថានភាពនេះ»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «យើងមិនទាន់បានបញ្ចប់រដូវកាលនេះនៅឡើយទេ។ យើងមិនទាន់បានបញ្ចប់ការអភិវឌ្ឍរបស់យើងនៅឡើយទេ»៕
ប្រភពព័ត៌មាន៖ Channel News Asia