ក្រុម Tottenham Hotspur កំពុងតែសង្ឃឹមថា នឹងទទួលបានការជឿជាក់ពីការប្រកួតលើកីឡដ្ឋានថ្មីរបស់ពួកគេ ខណៈដែលពួកគេត្រៀមធ្វើការប្រកួតដ៏ស្វិតស្វាញមួយជាមួយនឹងក្រុមខ្លាំង Manchester City ក្នុងក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយ នៅរាត្រីនេះ។

ក្រុម Spurs បានឈ្នះកាលពីសប្តាហ៍មុន ក្នុងការប្រកួតជាលើកទី១លើកីឡដ្ឋានថ្មីរបស់ពួកគេ តាមរយៈការផ្តួលក្រុម Crystal Palace ក្នុងលទ្ធផល ២-០ ដើម្បីវិលទៅឈរក្នុងចំណាត់ថ្នាក់លេខ៣វិញនៅលើតារាងក្របខ័ណ្ឌ Premier League ក្រោយពីជួបលទ្ធផលដ៏ខកចិត្តជាបន្តបន្ទាប់។

ខ្សែបម្រើ Kevin De Bruyne របស់ក្រុម Man City បានបញ្ជាក់ថា កីឡដ្ឋានថ្មីរបស់ក្រុម Tottenham នឹងមិនក្លាយជាកត្តាដ៏សំខាន់ ក្នុងការប្រកួតជើងទី១នៃក្របខ័ណ្ឌ Champions League នេះឡើយ ប៉ុន្តែ ខ្សែប្រយុទ្ធអន្តរជាតិកូរ៉េខាងត្បូង Son Heung-min បានលើកឡើងថា បរិយាកាសក្នុងកីឡដ្ឋានថ្មី អាចនឹងជួយដល់ក្រុមរបស់គេ ដែលបានលេងនៅកីឡដ្ឋាន Wembley ចាប់តាំងពីដើមរដូវកាលឆ្នាំ២០១៧-២០១៨។

ក្នុងសន្និសីទសារព័ត៌មាននៅមុនពេលការប្រកួត Son បានប្ជាក់ថា៖ «ពិតមែនហើយ។ យើងទទួលបានការជឿជាក់បន្ថែមសម្រាប់យើង ពីព្រោះកីឡាកររបស់ Man City ប្រហែលជាមិនដឹងឡើយ ដោយពួកគេតែងតែលេងនៅលើទឹកដីខ្លួនឯង»។ ខ្សែប្រយុទ្ធរូបនេះបានប្រាប់បន្តថា៖ «យើងបានលេងក្រៅដីជិតរយៈពេល២ឆ្នាំ ឆ្ងាយពីកីឡដ្ឋានដែលជាទឹកដីរបស់យើង។ អ្វីដែលយើងបានធ្វើក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ពិតជាមានភាពវិជ្ជមាន ហើយខ្ញុំគិតថា យើងនឹកផ្ទះរបស់យើងណាស់ ហើយយើងអាចនឹងបង្ហាញឲ្យពួកគេបានឃើញនៅថ្ងៃស្អែកនេះ ពីភាពផ្សេងគ្នារវាងកីឡដ្ឋាន Wembley និងកីឡដ្ឋានថ្មីរបស់យើង»៕
ប្រភពព័ត៌មាន៖ Channel News Asia