លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool បាននិយាយថា ក្រុមរបស់លោកត្រូវតែប្រយុទ្ធម្តងទៀត ក្រោយពីបានផ្តួលក្រុម Porto ក្នុងលទ្ធផល ២-០ ក្នុងការប្រកួតជើងទី១នៃក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយ នាកីឡដ្ឋាន Anfield កាលពីថ្ងៃអង្គារ។

ខ្សែបម្រើ Naby Keita និង Roberto Firmino បានស៊ុតបាល់បញ្ចូលទីដូចគ្នាក្នុងរយៈពេល២៦នាទីដំបូង ដើម្បីជួយឲ្យក្រុមម្ចាស់ផ្ទះគ្រប់គ្រងការប្រកួតទាំងស្រុង ហើយការសោកស្តាយតែមួយរបស់ក្រុម Liverpool គឺការមិនអាចបន្ថែមគ្រាប់បាល់នាំមុខទៀត មុននឹងធ្វើដំណើរទៅកាន់ទឹកដីព័រទុយហ្គាល់ សម្រាប់ការប្រកួតជើងទី២ នៅសប្តាហ៍ក្រោយ។

លោក Klopp បានប្រាប់បណ្តាញសារព័ត៌មាន BT Sport ថា៖ «យើងពិតជារីករាយណាស់ វាជាការប្រកួតជើងទី១ ហើយវានឹងក្លាយជាការប្រកយតដ៏តានតឹងនៅជើងទី២។ យើងបានស៊ុតបាល់បញ្ចូលទី២គ្រាប់ និងបានគ្រប់គ្រងបាល់ភាគច្រើនក្នុងការប្រកួតនេះ»។ លោកបានប្រាប់បន្តថា៖ «យើងបានផ្តល់ចន្លោះតិចតួចប៉ុណ្ណោះសម្រាប់ក្រុមភ្ញៀវ។ ខ្ញុំគិតថា Porto ស៊ុតបាល់បញ្ចូលទីចំនួន៤០ភាគរយ ក្នុងចំណោមឱកាសដែលពួកគេបានបង្កើត។ យើងក៏ឃើញការវាយបករហ័ស២លើកផងដែរ ប៉ុន្តែការប្រកួតបន្ទាប់ទៀត យើងលេងបានយ៉ាងល្អ»។

គ្រូបង្វឹក​ Jurgen Klopp បានបន្ថែមទៀតថា៖ «យើងបានលេងខុសទិសដៅបន្តិច ក្នុងតង់ទី២ ប៉ុន្តែ វាគ្មានអ្វីដែលត្រូវរិះគន់ឡើយ ខណៈដែលការឈ្នះ ២-០ គឺជាលទ្ធផលដ៏ល្អមួយ។ យើងបានដឹងថា យើងត្រូវតែលេងក្នុងការប្រកួតទី២ ហើយយើងមិនអាចកាត់សេចក្តីវគ្គនេះនៅរាត្រីនេះឡើយ ហេតុនេះ យើងត្រូវតែទៅប្រយុទ្ធម្តងទៀត»៕

ប្រភពព័ត៌មាន៖ worldosccertalk