លោក Unai Emery អ្នកចាត់ការទូទៅរបស់ក្រុម Arsenal បានបញ្ជាក់ថា ការប្រកួតក្របខ័ណ្ឌ Europa League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ក្រុមលោក ជាមួយនឹងក្រុម Valencia នៅតែស្ថិតក្នុងភាគរយ ៥០-៥០ បើទោះបីក្រុមកាំភ្លើងធំមួយនេះ បានយកឈ្នះ ៣-១ ក្នុងការប្រកួតជើងទី១នៅអេស្ប៉ាញក៏ដោយ។
ការចាប់ផ្តើមយ៉ាងល្អរបស់ក្រុម Valencia នាកីឡដ្ឋាន Emirates កាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានបំពេញតាមរយៈគ្រាប់បាល់ក្រៅដីរបស់កីឡាការ Mouctar Diakhaby។

ប៉ុន្តែខ្សែប្រយុទ្ធ Alexandre Lacazette បានផ្លាស់ប្តូរស្ថានភាពនៃការប្រកួតភ្លាមៗ តាមរយៈការរកបានគ្រាប់បាល់២គ្រាប់ នៅចន្លោះពេល៨នាទីនៃតង់ទី១ នៅមុនពេលគ្រាប់បាល់បញ្ចូលទីនៅជិតបញ្ចប់ការប្រកួតរបស់ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានជួយឲ្យក្រុម Arsenal នាំយកការនាំមុខគ្រាប់បាល់២គ្រាប់ ទៅកាន់ការប្រកួតជើងទី២ នាកីឡដ្ឋាន Mestalla នៅថ្ងៃទី៩ ខែឧសភា។ ប៉ុន្តែ លោក Emery ដែលបានដឹកនាំក្រុម Valencia នៅចន្លោះឆ្នាំ២០០៨ និងឆ្នាំ២០១២នោះ ដឹងថា ការប្រកួតនេះ មិនទាន់ចប់នៅឡើយទេ ដោយសារតែក្រុម Arsenal មានភាពត្រដាបត្រដួសក្នុងពេលលេងក្រៅដី នៅរដូវកាលនេះ។

លោក Emery បានឲ្យដឹងថា៖ «វាជាលទ្ធផលដ៏ល្អមួយនៅលើទឹកដីខ្លួនឯង ប៉ុន្តែ ការប្រកួតជើងទី២ នឹងផ្តល់នូវការលំបាក ហើយប្រហែលជាមានភាពផ្សេងគ្នា។ ខ្ញុំគិតថា ក្រុមទាំង២មានសង្ឃឹម ៥០-៥០ ដូចគ្នា»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «យើងអាចមានមោទនភាពចំពោះកីឡាកររបស់យើង។ វាមិនងាយស្រួលឡើយក្នុងការរក្សានូវអារម្មណ៍ស្ងប់ និងវិលត្រឡប់ជាមួយនឹងលទ្ធផលនេះ ក្នុងពេលប្រកួតជាមួយនឹងក្រុមនេះវិញ។ Arsenal មិនត្រឹមតែសង្ឃឹមថា អាចឈ្នះពានក្នុងរដូវកាលទី១របស់លោក Emery ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងឈ្នះកៅអីទៅកាន់ក្របខ័ណ្ឌ Champions League សម្រាប់រដូវកាលក្រោយ តាមរយៈការឈ្នះពាន Europa League ផងដែរ៕
ប្រភពព័ត៌មាន៖ Channel News Asia
លោក Emery ស្ថិតក្នុងភាពប្រុងប្រយ័ត្នខ្ពស់ ខណៈ Arsenal បោះ១ជំហានទៅវគ្គផ្តាច់ព្រ័ត្រ
អត្ថបទទាក់ទង
