ការប្តឹងឧទ្ធរណ៍របស់ក្លិប Manchester City ប្រឆាំងនឹងការជាប់បម្រាមរយៈពេល២ឆ្នាំពីយុទ្ធនាការក្របខ័ណ្ឌរបស់អឺរ៉ុប បានបើក ពីមុខតុលាការមជ្ឈិតកម្មសម្រាប់កីឡា (CAS) កាលពីថ្ងៃចន្ទ តាមរយៈសន្និសីទវីដេអូ។ នេះបើយោងទៅតាមមន្ត្រីម្នាក់ក្នុងសវនាការ។

Man City ត្រូវបានចោទប្រកាន់ពីបទបង្កើនប្រាក់ចំណូលពីម្ចាស់ឧបត្ថម្ភ ដើម្បីអនុលោមតាមច្បាប់នៃការប្រកួតប្រជែងផ្នែកហិរញ្ញវត្ថុដោយយុត្តិធម៌ (FFP) របស់សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប ហៅកាត់ថា UEFA នៅចន្លោះឆ្នាំ២០១២ និងឆ្នាំ២០១៦។ បន្ថែមទៅលើការជាប់បម្រាមនេះ ពួកគេក៏បានរងពិន័យជាទឹកប្រាក់៣០លានអឺរ៉ូ (ស្មើនឹង៣៤លានដុល្លារអាមេរិក) ផងដែរ។

លោក Matthieu Reeb អគ្គលេខាធិការតុលាការមជ្ឈិតកម្មសម្រាប់កីឡាដែលមានមូលដ្ឋាននៅទីក្រុង Lausanne បានឲ្យដឹងថា៖ «សវនាការនេះ បានចាប់ផ្តើមយ៉ាងល្អ ហើយសន្និសីទជាវីដេអូ កំពុងដំណើរការយ៉ាងល្អផងដែរ»។ ការបើកសវនាការពីចម្ងាយនេះ ដែលកាត់សេចក្តីវិវាទរវាងក្លិប Man City ជាមួយនឹងមេធាវីរបស់ UEFA នោះ បានបើកនៅម៉ោង ០៩:០០ ម៉ោងក្នុងស្រុក (0700 GMT) និងត្រូវបានគ្រោងដើម្បីដំណើរការរយៈពេល៣ថ្ងៃ នៅមុនពេលបិទបញ្ចប់នៅល្ងាចថ្ងៃពុធ។

លោក Reeb បានបញ្ជាក់ថា សេចក្តីសម្រេចមួយនេះ អាចនឹងប្រកាសឡើងនៅខែកក្កដា។ ប្រសិនបើការប្តឹងឧទ្ធរណ៍របស់ Man City រងបរាជ័យក្នុងតុលាការមជ្ឈិតកម្មសម្រាប់កីឡា ក្រុមម្ចាស់ជើងឯកមួយនេះ អាចបញ្ជូនពាក្យបណ្តឹងឧទ្ធរណ៍របស់ខ្លួនទៅកាន់តុលាការសហព័ន្ធរបស់ស្វ៊ីស ដែលក៏មានមូលដ្ឋាននៅ Lausanne ផងដែរ៕