បរទេស៖ ក្លិប Leeds United បានបំបែកកំណត់ត្រារបស់ពួកគេ ដើម្បីទិញយកខ្សែប្រយុទ្ធ Rodrigo ពីក្លិប Valencia។ ខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញរូបនេះ បានចុះកុងត្រារយៈពេល៤ឆ្នាំ នៅកីឡដ្ឋាន Elland Road ហើយនឹងធ្វើឲ្យក្លិបចំណូលថ្មីក្នុងក្របខ័ណ្ឌ Premier League មួយនេះ ចំណាយទឹកប្រាក់៣០លានផោន (ស្មើនឹង៤០លានដុល្លារអាមេរិក)។
ខ្សែប្រយុទ្ធ Rodrigo វ័យ២៩ឆ្នាំ ដែលបានបង្ហាញខ្លួនជាអន្តរជាតិ២២លើកសម្រាប់អេស្ប៉ាញ ធ្លាប់មានបទពិសោធលេងក្នុងក្របខ័ណ្ឌ Premier League កាលពីមុន ក្រោយពីបានចំណាយពេលក្នុងរដូវកាលឆ្នាំ២០១០-២០១១ ក្នុងនាមជាកីឡាករកម្ចីនៅក្លិប Bolton Wanderers។ Rodrigo គឺជាកីឡាករចុងក្រោយគេ ក្នុងចំណោមកីឡាករឆ្នើមៗដែលបានចាកចេញពីក្លិប Valencia នៅរដូវក្តៅនេះ បន្ទាប់ពីកីឡាករ Dani Parejo, Francis Coquelin និង Ferran Torres។ Rodrigo បានបញ្ជាក់ថា រូបគេពិតជារំភើបណាស់ក្នុងចូលរួមជាមួយនឹងក្លិបនេះ និងកំពុងតែសម្លឹងឆ្ពោះទៅកាន់ការធ្វើការងារជាមួយនឹងលោក Marcelo Bielsa ដែលជាមនុស្សដែលរូបគេចាត់ទុកថា ជាគ្រូបង្វឹកម្នាក់ក្នុងចំណោមគ្រូបង្វឹកដ៏ឆ្នើមបំផុតម្នាក់ក្នុងកីឡាបាល់ទាត់។
រូបគេបានប្រាប់គណនី Twitter របស់ក្លិបថា៖ «នេះគឺជាជំហានថ្មីមួយក្នុងអាជីពរបស់ខ្ញុំ ហើយខ្ញុំចង់ជួយឲ្យក្រុមនេះ សម្រេចគោលដៅនានាក្នុងរដូវកាលនេះ។ Leeds បានធ្វើការអស់រយៈពេល២សប្តាហ៍ ក្នុងការផ្ទេរនេះ ជាមួយនឹងក្លិប Valencia ហើយយើងដឹងថា ក្លិប Valencia មានបញ្ហានៅពេលនេះ ខណៈដែលយើងមិនបានឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League ឡើយ»៕
ប្រភពព័ត៌មាន៖ The Guardian


