បរទេស៖ ក្លិបបិសាចក្រហម Manchester United បានចុះហតុលេខាជាមួយនឹងកីឡាករថ្មី៤នាក់នៅថ្ងៃចុងក្រោយនៃការដោះដូរកីឡាករ ក្នុងនោះរួមទាំងខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរូហ្គាយ Edinson Cavani ផងដែរ ស្របពេលដែលក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប Bayern Munich បានពង្រឹងក្រុមខ្លួនជាមួយនឹងកីឡាករថ្មី២នាក់។
ប៉ុន្តែការផ្ទេរដ៏គួរឲ្យចាប់អារម្មណ៍បំផុតនៅថ្ងៃចុងក្រោយនៃការដោះដូរកីឡាករ គឺខ្សែបម្រើ Thomas Partey ដែលបានផ្ទេរពីក្លិប Atletico Madrid ទៅកាន់ក្លិប Arsenal ក្នុងតម្លៃខ្លួន៤៥លានផោន (ស្មើនឹង៥៨,៤៦លានដុល្លារអាមេរិក)។ Man United បានចុះហត្ថលេខាជាមួយនឹង Cavani ដោយគ្មានតម្លៃខ្លួន ខ្សែការពារស្លាបឆ្វេងអន្តរជាតិប្រេស៊ីល Alex Telles ពីក្លិប Porto ខ្សែបម្រើស្លាបសញ្ជាតិអ៊ុយរូហ្គាយ Facundo Pellistri វ័យ១៨ឆ្នាំ និងបានឈានដល់ការព្រមព្រៀងគ្នាមួយដើម្បីនាំយកខ្សែបម្រើស្លាប Amad Diallo ពីក្លិប Atalanta។
ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប Bayern បាននាំយកខ្សែការពារស្លាបស្តាំ Bouna Sarr ពីក្លិប Olympique de Marseille និងបាននាំយកខ្សែបម្រើស្លាបប្រេស៊ីល Douglas Costa ក្នុងលក្ខខណ្ឌខ្ចីជើពីក្លិប Juventus។ ក្លិប Arsenal បានផ្តល់តម្លៃខ្លួនតាមលក្ខខណ្ឌរំលាយកិច្ចសន្យាដើម្បីនាំយកខ្សែបម្រើអន្តរជាតិហ្គាណា Partey ដើម្បីពង្រឹងតំបន់បម្រើរបស់ខ្លួន។ ខ្សែបម្រើអន្តរជាតិអ៊ុយរូហ្គាយ Lucas Torreira បានផ្ទេរទៅកាន់ក្លិប Atletico វិញក្នុងលក្ខខណ្ឌខ្ចីជើង៕
ប្រភពព័ត៌មាន៖ Channel News Asia


