បរទេស៖ ក្រុម Inter Milan របស់លោក Antonio Conte នឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម Real Madrid ក្នុងក្របខ័ណ្ឌ Champions League នៅរាត្រីនេះ នៅក្នុងការប្រកួតមួយដែលគ្រូបង្វឹករូបនេះចាត់ទុកថា «ដូចជាវគ្គផ្តាច់ព្រ័ត្រអ៊ិចឹង» ខណៈដែលក្រុមទាំង២ត្រូវការឈ្នះដូចគ្នា។ ក្នុងសន្និសីទនៅមុនពេលការប្រកួតនាកីឡដ្ឋាន San Siro លោក Conte បានប្រាប់ថា៖ «សម្រាប់យើង នេះជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ។
ក្រោយពីការរងបរាជ័យនៅទីក្រុងម៉ាឌ្រីដ និងការបញ្ចប់ក្នុងលទ្ធផលស្មើពីការប្រកួត២លើកមុន យើងគ្មានដំណោះស្រាយអ្វីផ្សេងឡើយ»។ លោកបានប្រាប់បន្តថា៖ «យើងមិនអាចគេចវេសបានឡើយ យើងត្រូវតែឈ្ណះ។ យើងដឹង ក្រោយពីការប្រកួតជើងទី១ ថា ប្រសិនបើយើងចង់ឈ្នះ យើងអាចធ្វើបាន»។ ក្រុមរបស់អ៊ីតាលីមួយនេះ កំពុងតែស្ថិតនៅបាតតារាងនៃពូល B ក្រោយពីចាញ់ក្នុងលទ្ធផល ៣-២ នៅប្រទេសអេស្ប៉ាញ បើទោះបីបានវាយបកតាមពីក្រោយ២គ្រាប់ ដើម្បីតាមស្មើវិញក៏ដោយ នៅមុនពេល Real រកបានគ្រាប់បាល់ឈ្នះ។ ក្រុម Real Madrid ដែលជាម្ចាស់ជើងឯកទ្វីបអឺរ៉ុប១៣សម័យកាល កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ដោយមាន៤ពិន្ទុ ក្រោយពីការប្រកួត៣លើក។
លោក Conte បានបន្ថែមទៀតថា៖ «នេះនឹងក្លាយជាការប្រកួតដ៏លំបាកមួយ យើងដឹងពីកម្រិតខ្លាំងរបស់ Real Madrid ប្រវត្តិ ពិសេសនៅក្នុងយុទ្ធនាការនេះ»។ Real បានឈ្នះពាន៤លើកក្នុងចំណោមពាន Champions League ៧លើកចុងក្រោយ ខណៈដែល Inter ជាម្ចាស់ជើងឯក៣សម័យកាល ដោយបានឈ្នះពានជាលើកចុងក្រោយក្នុងឆ្នាំ២០១០៕
ប្រភពព័ត៌មាន៖ Channel News Asia


