បរទេស៖ Aston Villa កំពុង​តែ​រៀប​ចំ​ប្រើប្រាស់ក្រុមមួយ​ដែល​ប្រជុំ​ដោយ​កីឡាករ​​វ័យ​ក្មេង​ក្នុងការ​ប្រកួត​ដណ្តើម​ពាន FA Cup ជុំ​ទី​៣ ជា​មួយនឹងក្រុម Liverpool នៅ​លើ​ទឹកដី​ខ្លួន​ឯង ក្រោយពី​ការ​ផ្ទុះ​ករណី​ឆ្លង​វីរុស​កូវីដ-១៩​នៅ​ក្នុងក្លិប​នេះ​។

សេចក្តី​សម្រេច​ចុង​ក្រោយថា តើ​ការប្រកួត​នេះ នឹង​ប្រព្រឹត្ត​ទៅ​ជា​ធម្ម​តា នឹង​ត្រូវ​ធ្វើ​ឡើ​នៅ​ត្រឹម​ថ្ងៃ​សុក្រ​នេះ​។ លោក Dean Smith អ្នក​ចាត់​ការ​ទូទៅ​របស់ក្រុម Aston Villa បុគ្គ​លិក​គ្រូបង្វឹក​របស់​លោក និង​សមា​ជិក​ផ្សេង​ទៀត​ក្នុងក្រុម​ឈុត​ធំ នឹង​​មិន​អាច​ចូល​​រួម​​ក្នុងការ​ប្រកួត​នេះ​បាន​ឡើយ ក្រោយ​ពី​ការផ្ទុះ​ការ​ឆ្លង បានបង្ខំ​ឲ្យ​បិទទីលាន​​ហ្វឹកហាត់ Bodymoor Heath ​​របស់ក្លិប កាលពីថ្ងៃ​ព្រហស្បតិ៍​​។ ក្លិប Aston Villa កំពុង​តែ​ពិភាក្សា​ជាមួយ​នឹង​សហ​ព័ន្ធកីឡា​បាល់​ទាត់​អង់គ្លេស និង​ចង់​​បំពេញ​ការ​ប្រកួត​នេះ​នៅម៉ោង 19:45 GMT ប៉ុន្តែ ការ​សម្រេចចិត្ត​ចុង​ក្រោយ ទៅលើ​ថា ការ​ប្រកួត​នេះ នឹង​ត្រូវ​រៀប​ចំឡើង​ឬ អត់ នៅ​តែ​នៅ​ទ្រឹង​នៅ​ឡើយ ដោយ​រង់​ចាំ​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​បន្ថែម​ទៀត​សិន​លើ​កីឡាករ​វ័យ​ក្មេង ដែល​បច្ចុប្បន្ន​ត្រូវ​បាន​រំពឹ​ទុក​ថា នឹង​ត្រូវ​រើស​​ឲ្យ​ចូល​ប្រកួត​។

ប៉ុន្តែ ការ​ប្រកួត​នេះ​បាន​ស្ថិតក្នុង​ភាព​មិនច្បាស់ នៅពេល​ដែល​ក្លិប Aston Villa បាន​ប្រកាស​ពី​ការ​បិទ​ទីលាន​ហ្វឹកហាត់ ក្រោយ​ពីសមា​ជិក និង​បុគ្គ​លិក​ជាច្រើន​ក្នុងក្រុម​ឈុត​ធំ បាន​ទទួល​លទ្ធផល​ជាវិជ្ជ​មាន​លើ​វីរុស​កូរ៉ូ​ណា បន្ទាប់​ពីការ​ធ្វើ​តេស្ត​កាលពីថ្ងៃ​ចន្ទ​៕

 

ប្រភព​​ព័ត៌​មាន៖ Channel News Asia