បរទេស៖ ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ចង់ចុះកុងត្រាយកខ្សែប្រយុទ្ធ Manor Solomon របស់ Shaktar Donestsk នៅខែមករានេះ។

ខ្សែប្រយុទ្ធវ័យ២១ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងដ៏គួរអោយចាប់អារម្មណ៍ខ្លាំងនៅរដូវកាលនេះ ជាពិសេសរូបបានរកបាន២គ្រាប់តែម្នាក់ឯងជួយអោយ Shaktar Donestsk យកឈ្នះក្រុម Real Madrid ក្នុងក្របខណ្ឌ Champions League កាលពីពេលកន្លងទៅទៀតផង។

បើយោងទៅតាម Football.london បានអោយដឹងថាក្លឹប Arsenal បានរំពឹងថានឹងអាចនាំយកខ្សែប្រយុទ្ធស្លាបរូបនេះទៅកាន់ទឹកដី Emirate កំឡុងទីផ្សារដោះដូរកីឡាករខែមករានេះ ហើយភ្នាក់ងាររបស់កីឡាករក៏កំពុងតែព្យាយាមដើម្បីជួយអោយកីឡាកររូបនេះបានសម្រេចក្តីស្រមៃរបស់ខ្លួនក្នុងការមកលេងនៅក្របខណ្ឌ Premier League ផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្លឹប Arsenal ត្រូវតែចំណាយប្រាក់ជាង ២០លានផោនបើចង់បាន Solomon៕
ប្រភពព័ត៍មាន៖ Sportsmole
