បរទេស៖ ក្លិបហង្សក្រហម Liverpool បានពង្រឹងតំបន់ការពារដែលកំពុងញាំញីដោយរបួសរបស់ខ្លួន តាមរយៈការចុះហត្ថលេខាជាមួយនឹងខ្សែការពារកណ្តាល Ben Davies ពីក្លិប Preston North End របស់ក្របខ័ណ្ឌ Championship កាលពីថ្ងៃចន្ទ។
បណ្តាញសារព័ត៌មានចក្រភពអង់គ្លេស បានចេញផ្សាយថា ក្រុមម្ចាស់ជើងឯកអង់គ្លេសមួយនេះ បានផ្តល់តម្លៃខ្លួនឲ្យក្លិប Preston ក្នុងទឹកប្រាក់ប្រមាណជា២លានផោន (ស្មើនឹង២,៧៤លានដុល្លារអាមេរិក) សម្រាប់កីឡាករវ័យ២៥ឆ្នាំរូបនេះ ដែលចូលរួមនៅកីឡដ្ឋាន Anfield ក្នុងកិច្ចសន្យារយៈពេលវែង។ Davies បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «នេះគឺជាឱកាសមួយដ៏ធំ។ ពិតណាស់ វាបានកើតឡើងជាមួយនឹងភាពភ្ញាក់ផ្អើលបន្តិច នៅពេលដែលព័ត៌មានផ្ទុះឡើង ប៉ុន្តែ នៅពេលដែលអ្នកចាប់ផ្តើមគិតលើឱកាសនោះ ឱកាសដែលស្ថិតនៅពីមុខខ្ញុំ ពិតជាឱកាសដ៏កម្រមួយ»។
ខ្សែការពាររូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំនឹងក្លាយជាមនុស្សឆ្កួតដែលមិនចាប់យកឱកាសនោះ និងរៀនពីកីឡាករនៅក្នុងក្លិប។ ខ្ញុំមិនធ្លាប់បានធ្វើដំណើរទៅកាន់កីឡដ្ឋាន Anfield ឡើយ ហើយខ្ញុំក៏មិនទាន់ទស្សនកិច្ចជុំវិញកីឡដ្ឋានផងដែរ។ ខ្ញុំគ្រាន់តែមើលចុះឡើងបន្តិច និងសម្លឹងមើលទីលានប្រកួត ហើយទីលានហាក់ដូចជាកម្រាលព្រំអ៊ីចឹង ដែលដូចនឹងការរំពឹងទុក»៕
ប្រភពព័ត៌មាន៖ Channel News Asia


