បរទេស៖ លោក Pep Guardiola បានជំរុញឲ្យ Phil Foden រក្សាការផ្តោតអារម្មណ៍លើទម្រង់លេងរបស់គេលើទីលានប្រកួត ស្របពេលដែលមានការកោតសរសើរយ៉ាងខ្លាំងទៅលើខ្សែបម្រើដ៏ឆ្នើមទើបតែរះរបស់ក្លិប Manchester City រូបនេះ។
Foden គឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិកដ៏សំខាន់របស់ក្រុម Man City ក្នុងពេលពួកគេឡើងឈរលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League។ ខ្សែបម្រើវ័យ២០ឆ្នាំរូបនេះ បានបង្ហាញពីកម្រិតសមត្ថភាពរបស់គេ ជាមួយនឹងទម្រង់លេងដ៏គួរឲ្យទាក់ទាញ ក្នុងពេលក្រុម Man City ផ្តួលក្រុម Liverpool ក្នុងលទ្ធផល ៤-១។ អំឡុងពេលនៃការដណ្តើមបានជ័យជម្នះ១៤លើកជាប់ៗគ្នារបស់ក្រុម Man City ក្នុងរាល់យុទ្ធនាការទាំអស់ Foden បានស៊ុតបាល់បញ្ចូលទី៦គ្រាប់ និងជួយឲ្យមិត្តរួមក្រុមរកបាន៣គ្រាប់ក្នុងចំណោមការចូលលេងក្នុងជម្រើសដំបូង១០លើកចុងក្រោយរបស់ពួកគេ។ របៀបដែលរូបគេទម្លុះតំបន់ការពាររបស់ក្រុម Liverpool នៅជិតបញ្ចប់ការប្រកួតនៅកីឡដ្ឋាន Anfield បានទទួលការកោតសរសើរយ៉ាងខ្លាំងពីអ្នកពិធីករ ខណៈដែលរូបគេបានបង្ហាញពីសក្តានុពលដ៏គួរឲ្យកត់សម្គាល់។
ប៉ុន្តែ លោក Guardiola អ្នកចាត់ការទូទៅរបស់ក្រុម Man City ជឿជាក់ថា Foden នៅតែមានចំណុចជាច្រើនដើម្បីធ្វើឲ្យល្អប្រសើរ និងបានប្រាប់ឲ្យរូបគេរក្សាភាពខ្លាំងរបស់ខ្លួន។ លោក Guardiola បាននិយាយកាលពីថ្ងៃអង្គារថា៖ «វានឹងមានការប្រែប្រួលសម្រាប់រូបគេ។ រូបគេត្រូវតែមានអារម្មណ៍ស្ងប់ និងយល់ច្បាស់ពីដំណាក់កាលដ៏លំបាកដែលនឹងមកដល់»៕
ប្រភពព័ត៌មាន៖ Channel News Asia


