គ្រូបង្វឹកក្រុមនគរបាលជាតិ (ប៉ូលិស) លោក អ៊ុង កនយ៉ានិត បានមើលឃើញថា សមាសភាពក្រុម ត្រូវប្រកួតប្រជែងនៅក្នុងលីគកំពូលកម្ពុជា នារដូវកាលថ្មី ឆ្នាំ២០២១នេះ សុទ្ធតែមានការអភិវឌ្ឍក្រុមបានល្អ ដែលនឹងធ្វើឱ្យការប្រកួតមានភាពតានតឹងខ្លាំង គឺមិនអាចរំពឹងបានថា ក្រុមណា នឹងក្លាយជាម្ចាស់ជើងឯកនោះទេ ហើយនេះជាអ្វីដែលក្រុមប៉ូលិស មិនទាន់ហ៊ានដាក់គោលដៅ ឬមហិច្ឆតាខ្ពស់ ក្នុងការប្រជែងឱ្យបានដល់ Top5 ឬ To6។
លោក អ៊ុង កនយ៉ានិត បានប្រាប់ថា៖ «បើយើងមើលទៅលើគុណភាពកីឡាកររបស់ក្លិបផ្សេងៗ គឺក្លិបនគរបាលជាតិ នៅរក្សាកីឡាករចាស់ៗភាគច្រើនដដែល ដោយខ្ញុំបានប្រមូលយកកីឡាករក្នុងឆ្នាំថ្មីនេះ ជាយុវជនពី៤ទៅ៥នាក់ អ៊ីចឹងជាការរំពឹងទុក ក្នុងឆ្នាំនេះ យើងគិតថា មិនប្រកួតប្រជែងឱ្យបានខ្ពស់ជាងឆ្នាំមុននោះទេ គ្រាន់ធ្វើយ៉ាងម៉េច ឱ្យការប្រកួតឆ្នាំថ្មីនេះ ប្រសើរជាងឆ្នាំមុន»។
គ្រូបង្វឹក ដែលទើបដឹកនាំក្រុមប៉ូលិសឱ្យឈ្នះពានមិត្តភាព Cambodia Airways Cup 2021 រូបនេះ បានបន្ថែមថា៖«បើយើងមានគោលបំណង និងមហិច្ឆតាឱ្យដល់ Top5 ឬ Top6 នោះ គឺជារឿងមួយ ដែលពិបាកដែរ ព្រោះក្លិបនីមួយៗ កំពុងរៀបចំបានល្អ ព្រមទាំងមានការអភិវឌ្ឍរីកចម្រើនទៅមុខ គឺទាំងកីឡាករ និងយុទ្ធសាស្រ្ត មានការប្រែប្រួលរហូត អត់នៅនឹងមួយកន្លែងទេ»។
លោក អ៊ុង កនយ៉ានិត បានបញ្ជាក់ថា៖«ក្រុមនីមួយៗ មានកម្រិតកើនឡើងទាំងអស់គ្នា អ៊ីចឹងជាការប្រកួតប្រជែងមួយខ្លាំងមែនទែន សម្រាប់លីគកំពូលកម្ពុជា ឆ្នាំថ្មីនេះ គឺមិនអាចរំពឹងថា ក្រុមនេះជាជើងឯក ឬក្រុមនោះ ជាជើងឯកនោះទេ គឺយើងមើលមិនឃើញទេ ដោយសារការប្រកួតប្រជែងសុទ្ធតែខ្លាំងទាំងអស់»។
គ្រូបង្វឹកវ័យក្មេងរូបនេះ បានបញ្ជាក់ទៀតថា៖ «ការប្រកួត យើងតែងតែចង់បានជ័យជម្នះនេះ ប៉ុន្តែទន្ទឹងនឹងនោះ យើងត្រូវតែយល់ឱ្យច្បាស់ពីក្រុមរបស់យើងដែរថា យើងមានអាទិភាពឈ្នះបានប៉ុន្មានភាគរយ អាហ្នឹងជាការត្រៀមរបស់យើង។ តែទោះយ៉ាងណា យើងត្រូវលេងឱ្យអស់ពីសមត្ថភាព ហើយនឹងឱ្យបានប្រសើរជាងឆ្នាំមុន គឺយើងនឹងប្រឹងប្រែងបន្ថែមទាំងអស់គ្នា ដើម្បីបង្ហាញមុខមាត់សាជាថ្មី ទៅដល់ទស្សនិកជន ឬក៏អ្នកគាំទ្រទាំងអស់ ដោយពេលនេះឃើញថា ការរៀបចំក្រុមរបស់យើង ធ្វើបានល្អពី៧០ទៅ៨០ភាគរយហើយ»៕



