កីឡាករជម្រើសជាតិផ្នែករត់ចម្ងាយឆ្ងាយ ម៉ា វីរ៉ូ នៅតែអាចបង្ហាញភាពខ្លាំងរបស់ខ្លួន ដើម្បីគ្រោងតំណែងជើងឯក ជាលើកទី៣ ក្នុងការប្រកួតរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នៅលើភ្នំបូកគោ កាលពីថ្ងៃអាទិត្យ កន្លងមកនេះ។

ម៉ា វីរ៉ូ បាននិយាយក្រោយការប្រកួតថា៖ «ការប្រកួតនេះ មិនសូវឃើញកីឡាករកម្ពុជាចូលរួមច្រើនប៉ុន្មានទេ គឺភាគច្រើនជាកីឡាករបរទេស ហេតុនេះវាមានការលំបាកដែរ ហើយខ្ញុំគិតថា បើសិនជាខ្ញុំមិនបានចូលរួមការប្រកួតនេះ គឺចំណាត់ថ្នាក់លេខ១ ក្នុងការរត់ប្រណាំងចម្ងាយ២១គីឡូម៉ែត្រនេះ នឹងធ្លាក់ទៅលើកីឡាករបរទេសជាមិនខានឡើយ»។

នៅក្នុងការប្រកួតរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងចម្ងាយ២១គីឡូម៉ែត្រនេះ ម៉ា វីរ៉ូ ដែលស៊ូរ៉ៃអអង្គាសប្រាក់គ្នាជាមួយមិត្តរួមក្រុមផ្សេងទៀត ដើម្បីជួលឡានជិះមកកាន់ការប្រកួតពាក់កណ្តាលម៉ារ៉ាតុង នៅលើភ្នំបូកគោនេះ បានធ្វើការប្រកួតប្រជែងជាមួយកីឡាករខ្មែរ និងបរទេសជាង៤០នាក់ទៀត ហើយតាមរយៈការប្រកួតនៅតាមដងផ្លូវលើចុះ ជុំវិញភ្នំបូកគោ នោះ វីរ៉ូ បានប្រើពេល១:២៤:៣១ ម៉ោង ដើម្បីរក្សាតំណែងជើងឯក ជាលើកទី៣ ខណៈលេខ១ផ្នែកនារី បានទៅកីឡាការិនី Jill Hamill មកពីអង់គ្លេស បានទទួលចំណាត់ថ្នាក់លេខ២ ដោយប្រើពេល១:៣២:០៧ម៉ោង។

ចំណែកកីឡាករ Charless Beaulne មកពីទីក្រុង Quebec ប្រទេសកាដាណា ទទួលបានលេខ២ ដោយប្រើពេល ១:២៥:៣២ ឯលេខ៣បានមកកីឡាករកម្ពុជា យី ប្រស្នា ដោយប្រើពេល១:៣១:០៣ ហើយលេខ២ផ្នែកនារីបានទៅកីឡាការិនី Veronnique Messina របស់បារាំង ដោយប្រើពេល ១:៣៨:៥៤ និងលេខ៣បានទៅ Natsuko Sasaki មកពីជប៉ុន ជាមួយថិរវេលា ១:៤២:០៣។

កីឡាករ ម៉ា វីរ៉ូ បានបន្ថែមថា៖«ខ្ញុំពេញចិត្តខ្លាំងទៅលើការរត់ឡើង និងចុះភ្នំនៅលើភ្នំបូកគោនេះ ព្រោះវាមានលក្ខណៈស្តង់ដារតែម្តង ហើយការប្រកួតនៅលើទីលានបែបនេះ បានជួយឲ្យយើង កាន់តែមានភាពអំណត់ទៅនឹងការហត់ ហេតុនេះបើសិនជាមានការប្រកួតនៅទីនេះបាន២ទៅ៣ដងក្នុង១ឆ្នាំ វាកាន់តែមានភាពល្អប្រសើរ សម្រាប់អត្តពលិករបស់របស់យើង ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួន កាន់តែល្អប្រសើរ សម្រាប់ត្រៀមការប្រកួតផ្សេងៗទៀត»។

ក្រៅពីការប្រកួតរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនេះ រមណីយដ្ឋានឋានសួគ៌បូកគោ ក៏មានរៀបចំការប្រកួតរត់ប្រណាំងចម្ងាយ១០គីឡូម៉ែត្រ(បុរស-នារី) ចម្ងាយ៥គីឡូម៉ែត្រ(បុរស-នារី) និងរត់បែបកម្សាន្ត៣គីឡូម៉ែត្រ ព្រមទាំងការប្រណាំងកង់ផងដែរ ហើយបើតាមលោក កែវ សិទ្ធ នាយកផ្នែកលក់របស់រមណីយដ្ឋានឋានសួគ៌បូកគោ បានប្រាប់ថា នៅឆ្នាំនេះអ្នកចូលរួមច្រើនជាងឆ្នាំមុន។

លោក កែវ សិទ្ធ បាននិយាយក្រោយការប្រកួតថា៖«ចំនួនអ្នកចុះឈ្មោះចូលរួមប្រកួតនៅឆ្នាំនេះ មានការកើនឡើងបន្តិចបន្តួចដែរ គឺមាន២២៥៨នាក់ ឯពីឆ្នាំមុនមានអ្នកចូលរួមតែជាង១១០០នាក់ទេ ហើយនៅឆ្នាំនេះយើងទទួលបានលទ្ធផលល្អ ព្រោះមានបរិកាយល្អ អត់គ្មានភ្លៀងទេ ដែលធ្វើឲ្យកម្មវិធីរត់ប្រណាំង និងជិះកង់របស់យើង ប្រព្រឹត្តទៅបានយ៉ាងរលូនដូចគ្នា»៕