គណៈកម្មាធិការជាតិ​រៀបចំការ​ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) នៅតែពន្លឿន និង​​ផ្តោត​ខ្លាំង ​ទៅ​លើ​វឌ្ឍនភាពការងារ​របស់​ខ្លួន ហើយកាល​ពី​ថ្ងៃ​អង្គារ ម្សិលមិញ CAMSOC បាន​បើក​កិច្ច​ប្រជុំ​ប្រចាំ​សប្តាហ៍ ​​ដើម្បី​​ធ្វើការ​​ពិនិត្យ និង​​សម្រេច ​ទៅ​លើការ​រៀបចំ​​ពិធី​ទទួល​ទង់ស៊ីហ្គេម ​លើក​ទី​៣១ ពីម្ចាស់​ផ្ទះ​​​វៀត​ណាម​ បើ​ទោះបីជា​ ​​គម្រោង​ធ្វើ​ម្ចាស់​ផ្ទះ​របស់​ប្រ​ទេស​វៀត​ណាម ​នៅមិន​ទាន់​ដាច់​ស្រេច​ ថា​ត្រូវ ​ពន្យារ​ពេល ​ឬ​បោះ​បង់​សិទ្ធិ​ធ្វើ​ម្ចាស់​ផ្ទះ​ ដោយសារ​បញ្ហា​ជំងឺកូវីដ​១៩ ក៏​ដោយ។

លោក ​វ៉ាត់ ​ចំរើន ​អគ្គ​លេខាធិការ​ CAMSOC ​បាន​ថ្លែង​​ប្រាប់​អ្នក​យក​ព័ត៌មាន នៅក្រោយ​កិច្ច​ប្រជុំ​​ថា​៖ «​កិច្ច​ប្រជុំ ក្រោម​វត្ត​មាន​​របស់​ឯក​ឧត្តម​បណ្ឌិត​ ថោង​ ខុន ​អនុ​ប្រធាន​អចិន្ត្រៃយ៍​ CAMSOC នៅ​​ថ្ងៃ​នេះ​ គឺ​​បាន​ពន្លឿន​កិច្ច​ការ ដោយ​ផ្តោត​លើការ​​រៀប​ចំ​បង្ហាញ​ទស្សនីយ​ភាព​ជាង​១០​នាទី នៅពេល​កម្ពុជារៀបចំ​ពិធីទទួល​ទង់ស៊ីហ្គេម​»។

លោក​​បញ្ជាក់ថា៖​ «នៅ​ក្នុងជាង​១០នាទី​នេះ យើង​​ផ្តោត​ទៅ​លើ​ការ​បង្ហាញ​ពី​សក្តានុពល​កីឡា​លក្ខណៈ​បុរាណ​ដ៏​ចំណាស់​របស់​កម្ពុជា​ និង​​បច្ចុប្បន្ន​, ទស្សនីយភាព​វប្បធម៌ ​ដែល​រំលេច​​ដោយ​ភ័ស្តុតាង​គុន​ល្បុក្កតោ ​និង​ប្រភេទ​កីឡា​មួយ​ចំនួន​ទៀត ​ដែល​បាន​បន្សល់​ទុក​ នៅ​ប្រាសាទ​បុរាណ​ខ្មែរ​ និង​​បង្ហាញ​ពី​ទស្សនីយ​ភាព​សកម្មភាព​ទេស​ចរណ៍​ ក្នុង​នោះ​មាន​ទេស​ចរណ៍​ធម្មជាតិ​ ទេសចរណ៍​ប្រ​វត្តិសាស្ត្រ​ និង​ផលិត​ផល​សម្មភាព​កីឡា​នាំ​ឱ្យ​​ទាក់​ទាញ​ទេស​ចរណ៍​»។

អ្នកជំនាញកីឡា​រូបនេះ បាន​បង្ហើប​ថា ការ​បង្ហាញ​ទស្សនិយ​ភាព​សំខាន់​ទាំង​៣​ផ្នែក​នេះ​ គណៈ​កម្មាធិការ​ជាតិ​អូ​ឡាំ​ពិក​កម្ពុជា​ (NOCC) និង CAMSOC ​សហការ​ជា​មួយ​ក្រសួង​អប់​រំ​ យុវជន ​និង​កីឡា​ ព្រម​ទាំង​ក្រសួង​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ​ ដើម្បី​រៀប​ចំ​កសាង​ឯក​សារ​ជា​ប្រវត្តិ​សាស្ត្រ​ ក្នុង​លក្ខណៈ​សម្រិត​សម្រាំង​ មាន​ខ្លឹម​សារ​ល្អ ​ដោយ​មិន​ទាន់​គិត​ដល់​បញ្ហា​ប្រទេស​វៀត​ណាម​ពន្យារ​ពេល ​ឬ​បោះ​បង់​ការ​ធ្វើ​ម្ចាស់​ផ្ទះស៊ីហ្គេម ​នោះ​ឡើយ​។​

លោក​ វ៉ាត់ ​ចំរើន ​បាន​បញ្ជាក់​​ថា​៖ «​គម្រោង​កម្ម​វិធី​សកម្មភាព​របស់​ CAMSOC ​នៅ​តែ​ជំរុញ និង​​ពន្លឿន​ជា​និច្ច ​ទោះ​បី​ពេល​វេលា ​ស៊ី​ហ្គេម​ លើក​ទី​៣១ ​នៅ​វៀត​ណាម​ ចុង​ឆ្នាំ​២០២១​នេះ​ ត្រូវ​បាន​ពន្យារ​ពេល ​ឬ​វៀត​ណាម​បោះ​បង់់​ធ្វើ​ម្ចាស់​ផ្ទះ ​ដោយ​ហេតុ​ផល​កូវីដ​១៩ ក៏ដោយ គឺ​​កម្ពុជា ​នៅ​តែ​បន្ត​បំពេញ​ការ​ងារ​នេះ​ ឱ្យ​ទាន់​ពេល​វេលា​ដែរ​»។

តាម​អ្នក​ជំនាញ​ផ្នែកកីឡា​របស់ CAMSOC ​ លោក វ៉ាត់ ចំរើន បានឱ្យ​ដឹង​ថា ​គម្រោង​ធ្វើ​ម្ចាស់​ផ្ទះ​របស់​ប្រ​ទេស​វៀត​ណាម ​នៅ​មិន​ទាន់​ដាច់​ស្រេច​ ក្នុង​ការ​ពន្យា​ពេល ​ឬ​បោះ​បង់​សិទ្ធិ​ធ្វើ​ម្ចាស់​ផ្ទះ​ ដោយសារ​បញ្ហា​ជំងឺកូវីដ​១៩​ នៅ​ឡើយ​ទេ គឺ​​នឹង​ត្រូវ​ឆ្លង​កិច្ច​ប្រជុំ​សមាជិក​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​របស់​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ នៅ​ថ្ងៃ​ទី​២៤ ​ខែ​មិថុនា ​ឆ្នាំ​២០២១​នេះ​សិន​ ប៉ុន្តែ​បើក្នុង​​ករណី​មាន​អ្វី​ប្រែ​ប្រួល​នោះ​ តាម​គោល​ការ​ណ៍​ កម្ពុជា​អាច​នឹង​ធ្វើ​ពិធី​ទទួល​ទង់ស៊ីហ្គេម​នេះ ​ពី​ប្រ​ទេស​ហ្វី​លីពីន វិញ ​ដែល​ជា​អតីត​ម្ចាស់​ផ្ទះ​ស៊ី​ហ្គេម ​លើក​ទី​៣០ ​ឆ្នាំ​២០១៩៕