នៅ​បំផុត​ក្រុមណាហ្គាវើលដ៏​របស់​លោក មាស ចាន់ណា បានរក​ឃើញ​ជ័យជម្នះជា​លើក​ដំបូង លើ​ក្រុម​អង្គរថាយហ្គឺរ បាន​ហើយ សម្រាប់​ការ​ប្រកួត នៅ​លើ​ទឹក​ដី​ខេត្តសៀម​រាប ប៉ុន្តែ​ការ​រក​ឃើញ​លទ្ធផល​ឈ្នះ​ ដើម្បី​លុប​បំបាត់​ភាព​ច្រំ​ដែល​នៃ​ការទទួល​​បាន​ត្រឹមលទ្ធផល​​ស្មើ និងចាញ់​របស់ ណាហ្គាវើលដ៍​នេះ គឺវា​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ចម្រូង​ចម្រាស ដែល​នៅ​មិនទាន់​ដាច់​​ស្រេច​នៅ​ឡើយ​ទេ។

សម្រាប់​ការ​ប្រកួត នៅកីឡដ្ឋានអេសអយូ​ កាលពី​ថ្ងៃ​អង្គារ ម្សិល​មិញ​នោះ ក្រុមណាហ្គាវើល បានយក​ឈ្នះ​ក្រុមម្ចាស់​ផ្ទះ​អង្គរ​ថាយហ្គឺរ ២-១។ ខ្សែ​ប្រយុទ្ធ Marcio ជា​អ្នក​រក​បាន​​គ្រាប់បាល់​ទី​១​ឱ្យ​​ណាហ្គាវើល​ដ៍ ​តាម​រយៈ​ការ​ទាត់បាល់ពិន័យ១១ម៉ែត្រ បាន​សម្រេច នៅនាទីទី​៧៣ បន្ទាប់​ពី​​ខ្សែការពារ ស្រាំង ទិត្យឈី បាន​យក​ទៅទៅ​ប៉ះបាល់ នៅ​ក្នុង​ប្រអប់គ្រោះ​ថ្នាក់។

នៅ​ក្រោយការ​បង្កើតកំហុស​នេះ ស្រាំង ទិត្យឈី ក៏​ត្រូវ​បានពិន័យ​កាត ពេល​ដើរ​ទៅ​ប្តូរ​ចេញ ក្នុងនាទីទី​​៧៩។ ទោះ​នៅ​គ្នា​ត្រឹម​១០នាក់ ប៉ុន្តែ អង្គរ​ថាយហ្គឺរ នៅតែ​អាច​រក​បានគ្រាប់​បាល់​ស្មើ​វិញ តាមរយៈកីឡាករ ថន សីហា នៅនាទីទី​៨៣ គឺ​មុនពេល​អង្គរ​ថាយហ្គឺរ បាត់បង់​ខ្សែ​ការពារ ឈង់ ប៊ុនណាត ម្នាក់​ទៀត ពេល​អាជ្ញាកណ្តាល​ពិន័យកាត​ក្រហម នៅនាទីទី​៨៦ ពីបទ​ចាប់ទាញខ្សែបម្រើណាហ្គា សុះ ស៊ូហាណា។

បន្ធែម​ទៅ​លើ​ភាព​ក្តៅក្រហាយ​នេះ ខ្សែ​ប្រយុទ្ធ  នុប តុលា ក៏​រក​បានគ្រាប់​បាល់​ជ័យជម្នះ​ឱ្យ​ក្រុម​ណាហ្គាវើលដ៏ បាន​សម្រេច នៅនាទីទី ៩០+៥។ ការ​បរាជ័យ ២-១ នេះ​បាន​ធ្វើ​ឱ្យក្រុម​ម្ចាស់​ផ្ទះ អង្គរថាយហ្គឺរ មិនអស់​ចិត្ត​នោះ​ទេ ហើយ​ប្រធាន​ក្លិបជនជាតិជប៉ុន លោក Akihiro Kato ក៏​បាន​សម្តែងការ​ខក​ចិត្តផង​ដែរ ទៅ​នឹង​ការកាត់​សេចក្តី​របស់​លោកអាជ្ញាកណ្តាល ឃិន ឧសីហា ដែល​សម្រេច​មិនផ្តល់​គ្រាប់​បាល់​ឱ្យ​​ក្រុមអង្គរ​ថាយហ្គឺរ នៅពេល​ខ្សែ​ប្រយុទ្ធ  Da Cruz បាន​លោត​តែត​បញ្ចូលទី​យ៉ាង​ល្អ នៅនាទី៥៤​នោះ។

នៅ​ក្រោយការ​ប្រកួតនេះ លោក Akihiro Kato បានលើ​ជាចម្ងល់​ នៅ​លើបណ្ដាញសង្គម ដោយ​ភ្ជាប់ជាមួយវីដេអូខ្លី ជុំវិញ​ការ​តែត​បាល់​បញ្ចូលទី​របស់ Da Crus  នេះ ថា៖​«រហូតមកដល់ពេលនេះ ខ្ញុំបានលះបង់របស់របរផ្សេងៗ។ តើ foul នេះនៅឯណា? តើ​នេះ​ពិត​ជាល្អ សម្រាប់បាល់ទាត់កម្ពុជាមែនទេ? ព្រោះយើងជាក្លិបជប៉ុន?»

បន្ទាប់​ពី​មើល​ឃើញ​ការ​​ប្រកួត និងការ​បង្ហាញ​ពី​ការ​បាក់ទឹក​ចិត្ត​របស់​ប្រធាន​ក្លិប​អង្គរថាយហ្គឺរ លោក Akihiro Kato នេះ រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និងកីឡា លោក ស សុខា ក៏​បាន​ប្រតិកម្មភ្លាមៗ​ទាំង​យប់ ទៅ​លើ​ភាព​អសកម្ម​នៃ​ការ​សម្រេច​សេចក្តី​របស់​លោក​អាជ្ញាកណ្តាលនេះ ដើម្បី​លើកទឹក​ចិត្ត​ដល់​ប្រធាន​ក្លិប​អង្គរ​ថាយហ្គឺរ ផងដែរ ហើយ​លោក​ស សុខា បានជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ គួរ​វាយ​តម្លៃ​ទៅ​លើ​អាជ្ញាកណ្តាល (លោក ឃិន ឧសីហា) ឡើង​វិញ។

លោក ស សុខា បានសរសេរ​បង្ហោះ នៅ​លើ​ផេច​ហ្វេសប៊ុក​របស់​លោក កាលពី​យប់​ម្សិលមិញ​ថា៖ ​«ខ្ញុំសូមចូលរួមជាមួយលោក អាគីហ៊ីរ៉ូ កាតូ ( Akihiro Kato )​ប្រធាន​ក្លិប​បាល់​ទាត់​អង្គរថាយហ្គឺរ! ១ រឿងនេះកើតឡើងដដែលៗ ច្រើនលើកច្រើនសារពេកហើយ។ ២ ចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្តាល លើទីលាន យល់ថា មានការលំបាក ក៏​ប៉ុន្តែ​យើង​ត្រូវ​តែ​មើល​មួយ​ចំហៀង​ទៀត ការ​ដាក់​ទុន​របស់​ក្លិប​នីមួយៗ​ សព្វថ្ងៃ ក្នុង​១​ឆ្នាំៗ​ចំណាយ​មិន​ក្រោម​ជាង ៦០​ម៉ឺន ទៅ ១​លាន​ដុល្លារ​ទេ។ ដូច្នេះទទូចឱ្យ​ភាគីពាក់ព័ន្ធទាំងអស់ មេត្តា​ជួយ​ពិនិត្យ​មើល​ការ​ងារ​នេះ និងធ្វើការវាយតម្លៃ ទៅលើអាជ្ញាកណ្តាលឡើងវិញ»

ស្ថាបនិកក្លិបបាល់ទាត់វិសាខា ស សុខា បានបន្ដថា៖​«ក្នុងនាមជាកូនខ្មែរមួយរូប ខ្ញុំ​សូម​អរ​គុណ​ចំពោះ​លោក Akihiro Kato ដែលបានលះបង់អ្វីៗទាំងអស់ ដើម្បី​វិស័យ​កីឡា​បាល់​ទាត់​នៅ​កម្ពុជា​អស់​ជាច្រើនឆ្នាំ​មកនេះ»