បរទេស៖ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ម៉ិក​ស៊ិក បាន​បោះ​មួយ​ជំហាន​ទៀត​ឆ្ពោះ​ទៅកាន់​​ការ​ការ​​ពារ​ពាន CONCACAF Gold Cup របស់​ពួកគេ​កាលពីថ្ងៃ​សៅរ៍ (ព្រឹក​ថ្ងៃ​អាទិត្យ​នៅកម្ពុជា) តាមរយៈ​ការ​ស៊ត​បាល់​បញ្ចូល​ទី​៣​គ្រាប់​ក្នុង​តង់​ទី​១ ដើម្បីកត់​ត្រា​ជ័យ​ជម្នះ​ក្នុងលទ្ធផល ៣-០ លើ​ក្រុម​ជម្រើស​ជាតិ​ហុង​ឌូរ៉ាស ក្នុងការ​ប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ​។

ក្រុម​ម្ចាស់ការ​ពារ​ជើង​​ឯក​មួយនេះ បាន​យកឈ្នះយ៉ាង​ងាយ​​លើ​ក្រុម​ជម្រើស​ជាតិ​ហុងឌូរ៉ាស ដែល​បាន​បាត់​បង់​កីឡាករ​ជាច្រើន ដោយ​សារ​តែ​បញ្ហា​របួស និងវិធីសារ​សុវត្ថិភាព​លើ​វីរុសកូវីដ ១៩​។ ក្នុងការ​ប្រកួត​មួយ​គូ​ផ្សេង​ទៀត​នា​ថ្ងៃ​ដដែល​នោះ ខ្សែ​ប្រយុទ្ធ Al Moez Ali បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ ខណៈ​ដែល កា​តា បានក្លាយ​ជា​ក្រុម​ដំបូង​គេ​ក្នុងការ​ឈាន​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ក្រោយពី​បាន​យកឈ្នះ​លើក្រុម​ជម្រើស​ជាតិ​អែល​សាល់​វ៉ាឌ័រ​ក្នុងលទ្ធផល ៣-២​។ កីឡាករ Abdelaziz Hatim ក៏​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ផង​ដែរ សម្រាប់ក្រុម​ម្ចាស់​ជើង​ឯក​ទ្វីប​អាស៊ី ក្នុងការ​ប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ​នៅ​រដ្ឋ Arizona​។

ដោយឡែក Joaquin Rivas បាន​ស៊ុត​បាល់​បញ្ចូល​ទី​ទាំង​២​គ្រាប់​សម្រាប់​ក្រុម​អែល​សាល់​វ៉ា​ឌ័រ ដែល​បានបើក​ការ​វាយសម្រុក​យ៉ាងខ្លាំង​ក្នុង​តង់​ទី​២​។ ជ័យ​ជម្នះនេះ មានន័យ​ថា កា​តា នឹង​ត្រូវ​ប៉ះ​​អាមេរិក ឬ​ហ្សា​ម៉ាអ៊ីក នៅ​វគ្គ​បន្ត ស្របពេល​ដែល​ម៉ិក​ស៊ិក ប៉ះ​កា​ណា​ដា ដែល​បានផ្តួលកូស្តារីកា ក្នុងលទ្ធផល ២-០​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia