បរទេស ៖ ក្លិបសេះបង្កង់ Juventus កំពុងតែមានការជឿជាក់ថា ពួកគេកំពុងតែស្ថិតក្នុងដំណាក់កាលចុងក្រោយក្នុងការបំពេញការផ្ទេរ Paul Pogba តាមរយៈការផ្តល់ឲ្យខ្សែបម្រើរូបនេះ ជាមួយចំណូលដ៏ខ្ពស់ និងប្រាក់ឧបត្ថម្ភនានា ដ៏ច្រើនសន្ធឹកសន្ធាប់។
បើយោងទៅតាមសារព័ត៌មាន Sky Sports ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Serie A ត្រូវបានផ្តល់ការធានាដោយផ្ទាល់មាត់ថា Pogba នឹងចូលរួមជាមួយនឹងពួកគេ នៅពេលដែលកិច្ចសន្យារបស់គេជាមួយនឹងក្លិប Manchester United ផុតកំណត់នៅចុងខែមិថុនា ក្រោយពីពួកគេបានដាក់សំណើជាមួយនឹងប្រាក់ខែសរុបចំនួន៨លានអឺរ៉ូ (ស្មើនឹង៨,៦លានដុល្លារអាមេរិក) ក្នុង១ឆ្នាំ។
ក្លិប Juventus ត្រៀមខ្លួនរួចរាល់ក្នុងការផ្តល់ឲ្យរូបគេនូវកិច្ចសន្យារយៈពេល៣ឆ្នាំ ឬ៤ឆ្នាំ។ ការពិភាក្សានានា បានឈានដល់ដំណាក់កាលចុងក្រោយភ្លាមៗ ប៉ុន្តែ ខ្សែបម្រើរូបនេះមិនទាន់បានផ្តល់ចម្លើយទាក់ទងនឹងសំណើនេះនៅឡើយទេ។ Pogba វ័យ២៩ឆ្នាំ បានច្រានចោលការចាប់អារម្មណ៍ពីក្លិប Manchester City និងបានទទួលសំណើពីក្លិប Paris Saint-Germain ប៉ុន្តែ គេនៅតែចាំមើលថា តើការចាកចេញរបស់លោក Leonardo ក្នុងនាមជានាយកផ្នែកកីឡារបស់ក្លិបបារាំងមួយនេះ នឹងជះឥទ្ធិពលដល់ការប្រមាញ់របស់ពួកគេ ឬអត់៕
ប្រភពព័ត៌មាន៖ Sky Sports