ក្រុមវិសាខា បានធ្វើឱ្យការវិលមកកាន់ការប្រកួតដំណាក់កាលទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២២របស់ពួកគេ បានចាប់ផ្តើមដោយភាពរីករាយ បន្ទាប់ពីក្រុមមួយនេះ បានជម្រះភាពហ្មងសៅ ចំពោះការសងសឹកក្រុមណាហ្គាវើលដ៍ បានសម្រេច កាលពីម្សិលមិញ ប៉ុន្តែភ្នំពេញក្រោន នៅតែបន្តចាញ់ក្រុមខ្លាំង ព្រះខ័នរាជស្វាយរៀង ដដែល។
ក្រុមវិសាខា ដែលទើបបញ្ចប់ការប្រកួតវគ្គចែកពូលពានរង្វាន់ AFC Cup 2022 នៅប្រទេសឥណ្ឌូនេស៊ី ដោយការឈ្នះ២ និងចាញ់១ប្រកួតនោះ បានធ្វើឱ្យគ្រាប់គ្នា មើលឃើញថា ពួកគេ មានទម្រង់លេងល្អជាងមុន ហើយភាពរីករាយ បានកើតមានឡើង បន្ទាប់ពីខ្សែការពារ អ៊ុក សុវណ្ណ រកបានគ្រាប់បាល់ បើកឆាក នៅនាទីទី៤ នៅមុនពេល ឆេង ម៉េង បានបន្ថែម១គ្រាប់ទៀត នៅនាទីទី៣១។
ជាមួយការនាំមុខ ២-០ នេះ ក្រុមណាហ្គាវើលដ៍ បានព្យាយាមវាយបក និងដាក់សម្ពាធទៅលើក្រុមវិសាខា យ៉ាងខ្លាំង នៅតង់ទី២ ហើយក៏បានបង្កើតឱកាសច្រើនផងដែរ ប៉ុន្តែពួកគេ មិនអាចរកបានគ្រាប់បាល់ ត្រឡប់មកវិញ នោះទេ ជាហេតុនាំឱ្យ ណាហ្គា បានចាញ់ វិសាខា ២-០ ទាំងសោកស្តាយបំផុត។ ជាមួយជ័យជម្នះនេះ វាក៏ជាលើកដំបូងផងដែររបស់គ្រូបង្គោល មាស ចាន់ណា ផងដែរ ដែលបាននាំក្រុមថ្មី វិសាខា ដោយផ្ទាល់ ដើម្បីយកឈ្នះក្រុមចាស់របស់លោក គឺណាហ្គាវើលដ៍ ក្នុងជំនួបលើកនេះ។
ដោយឡែក ក្រុមព្រះខ័នរាជស្វាយរៀង នៅតែរក្សាបាន នៅកំណត់ត្រា មិនធ្លាប់ចាញ់សោះ បន្ទាប់ពីពួកគេ បានបន្តយកឈ្នះលើក្រុមការពារតំណែងជើងឯក ភ្នំពេញក្រោន ១-០ នៅលើទឹកដីរបស់ខ្លួនឯង បន្ថែមទៅលើការឈ្នះ ៣-០ កាលពីប្រកួតដំណាក់កាលទី១ កន្លងមក។
យ៉ាងណាក៏ដោយ ការទទួលបាន៣ពិន្ទុបន្ថែម របស់ក្រុមស្វាយរៀង លើកនេះ បានកើតមានឡើងទាំងលំបាក គឺបានរង់ចាំរហូតដល់នាទី ៩០+២ ពីការរកបានគ្រាប់បាល់ជ័យជម្នះរបស់ខ្សែប្រយុទ្ធពាក់លេខ៩៩ Marcus Haber ហើយការដណ្តើមបាន៣ពិន្ទុនេះ បានជួយឱ្យ ស្វាយរៀង បន្តឈរនៅលេខ១ ដោយមាន២៥ពិន្ទុដាច់ឆ្ងាយពីក្រុមលេខ២ បឹងកេត ដែលមានត្រឹម១៦ពិន្ទុ រីឯ ណាហ្គាវើលដ៍ ឈរនៅលេខ៣ មាន១៤ពិន្ទុ និង វិសាខា ឈរនៅលេខ៤ មាន ១៣ពិន្ទុ៕