ក្លិបញញួរធំ West Ham បានបណ្តេញលោក Slaven Bilic ចេញពីតំណែងកាលពីថ្ងៃចន្ទ ក្រោយពីការជួបលទ្ធផលដ៏ខកចិត្តជាបន្តបន្ទាប់ដែលបានធ្វើឲ្យក្លិបនេះ ធ្លាក់ចូលក្បែរក្នុងតំបន់កាត់ចោលនៃក្របខ័ណ្ឌ Premier League ស្របពេលដែលលោក David Moyes ជាបេក្ខភាពនាំមុខគេក្នុងការចូលទៅកាន់តំណែងជំនួស។

ក្លិបនេះបានប្រកាសពីការចាកចេញរបស់លោក Bilic សញ្ជាតិក្រូអាស៊ី ដែលត្រូវបានតាំងតាំងកាលពខែមិថុនា ឆ្នាំ២០១៥ ក្រោយពីក្រុម West Ham បានរងបរាជ័យក្នុងលទ្ធផល ៤-១ ក្រោមស្នាដៃក្រុម Liverpool នាកីឡដ្ឋាន London កាលពីថ្ងៃសៅរ៍ ដែលធ្វើឲ្យពួកគេស្ថិតក្នុងចំណាត់ថ្នាក់លេខ១៨ នៅលើតារាង និងប្រឈមមុខនឹងការប្រជែងគេចឲ្យផុតពីតំបន់កាត់ចោល។ លោក Bilic ដែលក៏បានលេងឲ្យក្លិប West Ham ផងដែរនោះ គឺជាអ្នកចាត់ការទូទៅទី៤ របស់ក្របខ័ណ្ឌ Premier League ដែលរងនូវការបណ្តេញចេញនៅរដូវកាលនេះ ក្រោយពីការចាកចេញរបស់លោក Frank de Boer ពីក្លិប Crystal Palace, លោក Craig Shakespeare ពីក្លិប Leicester, និងលោក Ronald Koeman ពីក្លិប Everton។

ក្លិប West Ham បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្លិប West Ham United អាចប្រកាសបានថា លោក Slaven Bilic បានចាកចេញពីតំណែងរបស់លោកនៅថ្ងៃនេះ»។ ថ្នាក់ដឹកនាំរបស់ក្លិបញញួរធំ ជឿជាក់ថា ការផ្លាស់ប្តូរគឺជារឿងដ៏ចាំបាច់ដែលត្រូវធ្វើនៅពេលនេះ សម្រាប់ក្លិបក្នុងការបោះជំហានទៅមុខប្រកបដោយភាពវិជ្ជមាន និងរក្សាមហិច្ឆតារបស់ពួកគេ។ ក្លិប West Ham បានប្រកាសថា អ្នកចាត់ការទូទៅថ្មីម្នាក់នឹងត្រូវតែងតាំងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ស្របពេលដែលលោក Moyes ដែលជាអតីតគ្រូបង្វឹករបស់ក្លិប Everton និង Manchester United ត្រូវបានគេរំពឹងទុកថា នឹងចូលកាន់តំណែងនេះ៕

កែសម្រួលដោយ៖ Usportkh
ប្រភព៖ Channel News Asia