សិស្សសាលាបឋមសិក្សាតំណាងឲ្យខេត្តចំនួន៣ ឈ្នះបានមេដាយមាស ប្រាក់ និងសំរឹទ្ធ មុនគេ ពីការប្រកួតកីឡាថ្នាក់ជាតិសិស្សបឋមសិក្សាជ្រើសរើសជើងឯកទូទាំងប្រទេស ឆ្នាំ២០១៧ ដែលកំពុងដំណើរការប្រកួតនៅរាជធានីភ្នំពេញ ខណៈព្រឹត្តិការណ៍នេះបានចាប់ផ្តើមតាំងពីថ្ងៃទី៥ ខែវិច្ឆិកា និងគ្រោងបញ្ចប់នៅថ្ងៃទី១១ ខែវិច្ឆិកា ខាងមុខ។

បើតាមរបាយការណ៍របស់គណៈកម្មការរៀបចំការប្រកួតបានឲ្យដឹងថា ការប្រកួតកីឡាថ្នាក់ជាតិសិស្សបឋមសិក្សាជ្រើសរើសជើងឯកទូទាំងប្រទេស ឆ្នាំ២០១៧ មានគ្រឹះស្ថានថ្នាក់បឋមសិក្សាតំណាងឲ្យខេត្តចំនួន២៤ សរុបមានចំនួន៣១២នាក់ ស្រី៣២នាក់ និងកីឡាករ កីឡាការិនីសរុបចំនួន១០២៦នាក់ ស្រី៥១៣នាក់។

អ្នកទាំងនេះត្រូវធ្វើការប្រកួតនៅលើប្រភេទកីឡាបាល់ទាត់ បាល់បោះ បាល់ទះ និងកីឡាអត្តពលិក ដោយក្នុងនោះបាល់ទាត់មាន១៩ក្រុម បាល់ទះមាន២១ក្រុម បាល់បោះ១៦ក្រុម និងអត្តពលកម្មមាន១៩ក្រុម ហើយតាមរយៈការប្រកួតតាំងពីថ្ងៃទី៥ រហូតមកដល់ព្រឹកថ្ងៃអង្គារ ទី៧ នេះ គឺមានតែខេត្តចំនួន៣ប៉ុណ្ណោះ ដណ្តើមបានមេដាយមុនគេ គឺខេត្តកំពត ដណ្តើមបានមេដាយមាស១ ខេត្តសៀមរាប បានមេដាយប្រាក់១ និងខេត្តប៉ៃលិន បានមេដាយសំរឹទ្ធ១ ឯខេត្តចំនូន២១ទៀត មិនទាន់ដណ្តើមបានមេដាយនៅឡើយទេ។

លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ក៏ថ្លែងក្នុងពិធីបើកការប្រកួត នៅវិមានពហុកីឡដ្ឋានជាតិ កាលពីថ្ងៃចន្ទ ម្សិលមិញថា ការប្រកួតកីឡាថ្នាក់ជាតិសិស្សបឋមសិក្សាជ្រើសរើសជើងឯកទូទាំងប្រទេសនេះ គឺដើម្បីចម្រាញ់រកមើលកីឡាករ កីឡាការិនី ដែលមានសមត្ថភាពលើប្រភេទកីឡានានា សម្រាប់រៀបចំយកទៅបណ្ដុះបណ្ដាលធ្វើជាយុវជនថ្នាល និងក្លាយជាក្រុមជម្រើសជាតិ ដើម្បីប្រកួតតំណាងឲ្យប្រទេសជាតិ នាពេលអនាគត៕