តារាឆ្នើម John Terry របស់ក្លិប Aston Villa បានធ្វើដំណើរទៅកាន់ទីក្រុងឌូបៃ ដើម្បីសម្រាក និងព្យាបាលរបួស ក្រោយពីជួបបញ្ហារបួសប្រអប់ជើង កាលពីចុងសប្តាហ៍ថ្មីៗនេះ។ អតីតប្រធានក្រុមនៃក្លិប Chelsea វ័យ ៣៦ឆ្នាំរូបនេះ បានរងរបួសឆ្អឹងប្រអប់ជើងរបស់គេ នៅពេលប្រកួតជាមួយនឹងក្រុម Sheffield Wednesday កាលពីថ្ងៃសៅរ៍ ដែលជាការប្រកួតចុងមុនពេលសម្រាកសម្រាប់ការប្រកួតអន្តរជាតិ។ ប៉ុន្តែ Terry បានទុកការខកចិត្តរបស់គេទៅលើបញ្ហារបួស និងការរងបរាជ័យក្នុងលទ្ធផល ២-១ មួយឡែក ខណៈដែលរូបគេបានសម្រាកលំហែរនៅក្រោមពន្លឺព្រះអាទិត្យ នារដូវរងា។
អតីតខ្សែបម្រើអន្តរអង់គ្លេសរូបនេះ បានធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ាភ្លាមៗ នៅមុនពេលបង្ហោះរូបបង្ហាញពីថ្ងៃសម្រាករបស់គេនៅលើបណ្តាញសង្គម Instagram។ អ្នកស្រី Toni ដែលជាភរិយារបស់ Terry ក៏បានប្រើប្រាស់បណ្តាញសង្គម ដើម្បីចែករំលែកនូវរូបភាពនៃពន្លឺព្រះអាទិត្យនៅទីក្រុងឌូបៃផងដែរ។ នាង Toni បានសរសេរថា៖ «ថ្ងៃដ៏ស្រស់ស្អាតមួយផ្សេងទៀតក្នុងទីក្រុងឌូបៃ។ ពិតជាស្រឡាញ់ទីក្រុងឌូបៃណាស់»។ រូបភាពមួយផ្សេងទៀតដែលត្រូវបានចែករំលែកដោយ Terry បានបង្ហាញថា រូបគេកំពុងតែកម្សាន្តជាមួយនឹងទស្សនីយភាពដ៏ស្រស់ស្អាតនៃទីក្រុងរបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួមមួយនេះ៕
កែសម្រួលដោយ៖ Usportkh
ប្រភព៖ Thesun