ក្រុមជម្រើសជាតិហ្ស៊កដានី ដែលធ្លាប់លត់ក្រុមជម្រើសជាតិកម្ពុជា រហូតដល់ ៧-០ ក្នុងទឹកដីខ្លួនឯងនោះ ហាក់មិនសូវសប្បាយចិត្តប៉ុន្មានទេ ខណៈពួកគេបានត្រឹមយកឈ្នះក្រុមកម្ពុជា ១-០ ក្នុងការប្រកួតជើងទី២ ពានរង្វាន់ AFC Asian Cup 2019 នៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃអង្គារ ម្សិលមិញ ដោយគ្រូហ្ស៊កដានី បានលើកឡើងថា កម្ពុជា គួរសប្បាយចិត្តទទួលយកការចាញ់ត្រឹម១-០ នេះ។

តាមរយៈការប្រកួត កាលពីយប់ថ្ងៃអង្គារនេះ ក្រុមហ្ស៊កដានី ដែលមានប្រៀបលើក្រុមកម្ពុជាទាំងបច្ចេកទេស ពិសេសល្បឿន និងកម្លាំងនោះ បានធ្វើការដាក់សម្ពាធមកលើក្រុមម្ចាស់ផ្ទះកម្ពុជា យ៉ាងខ្លាំង ប៉ុន្តែពួកគេរកបានតែ១គ្រាប់គត់ ដែលស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធពាក់អាវលេខ៧ Monther Abu Amara នៅនាទីទី១៧ ព្រោះកម្ពុជា បានប្រកាន់យកលេងបែបការពារ។

លោក Jamal-Abu Abed គ្រូបង្វឹកក្រុមហ្ស៊កដានី បាននិយាយក្នុងសន្និសីទ ក្រោយការប្រកួតថា៖ «យើងក៏មិនសូវពេញចិត្តនឹងលទ្ធផលឈ្នះនេះដែរ ព្រោះយើងបានគ្រប់គ្រងបាល់បានច្រើនបំផុត និងបានបង្កើតឱកាសយ៉ាងច្រើន ប៉ុន្តែការប៉ះពាក់ចុងក្រោយនៅមុខទីក្រុមកម្ពុជា ហាក់មិនសូវបានល្អ»។

លោកបានបន្ថែមថា៖ «ទោះបីជាយ៉ាងណា យើងក៏រីករាយផងដែរ ព្រោះជ័យជម្នះនៅថ្ងៃនេះ បានជួយឲ្យក្រុមយើង បានឡើងទៅកាន់វគ្គបន្តដោយស្វ័យប្រវត្តិ។ ចំណែកក្រុមកម្ពុជា ក៏គួរតែសប្បាយចិត្តទទួលយក ចំពោះការចាញ់ក្រុមហ្ស៊កដានី ត្រឹម ១-០ នៅថ្ងៃនេះ ផងដែរ»។

ចំណែកគ្រូបង្វឹកក្រុមកម្ពុជា លោក ប្រាក់ សុវណ្ណារ៉ា ក៏រីករាយទទួលយកលទ្ធផលចាញ់ត្រឹម ១-០ នេះផងដែរ។ លោកបាននិយាយថា៖z «ខ្ញុំសប្បាយចិត្តនៅពេលឃើញកីឡាកររបស់យើងប្រឹងប្រែងលេងបានល្អ ប៉ុន្តែយើងមើលឃើញថា កម្រិតលេងរបស់យើងនៅក្រោមគេ ហេតុនេះខ្ញុំពេញចិត្តទទួលយកការចាញ់ត្រឹម១-០ នៅថ្ងៃនេះ»។

ចំណែកអ្នកចាំទី ស៊ូ យ៉ាទី ដែលមានភាពសកម្មជាងគេ ក្នុងការជួយសង្រ្គោះគ្រាប់បាល់ ពីការស៊ុតជាច្រើនលើករបស់ក្រុមហ្ស៊កដានី បាននិយាយថា៖ «ខ្ញុំសប្បាយចិត្តនៅពេលឃើញមិត្តរួមក្រុមរបស់ខ្ញុំ ប្រឹងប្រែងលេងបាននេះ ប៉ុន្តែខ្ញុំក៏មានការសោកស្តាយផងដែរ ចំពោះគ្រាប់បាល់ដែលរបូត ១គ្រាប់។ យើងបានព្យាយាមលេងអស់ពីសមត្ថភាពហើយ ព្រោះកម្រិតលេងរបស់ក្រុមគេ ខ្ពស់ជាងយើង ហើយខ្ញុំសូមអរគុណដល់អ្នកគាំទ្រ ដែលបានមកចូលរួមលើកទឹកចិត្តដល់ពួកយើង»៕
ប្រភពពី: Cambosport