ខ្សែការពារ Toby Alderweireld របស់ក្លិប Tottenham Hotspur ជឿជាក់ក្រុមមាន់ខ្នាយមាសរបស់ខ្លួន មានសមត្ថភាពក្នុងការរក្សាកំណត់ត្រាមិនស្គាល់ចាញ់របស់ក្រុមស្ថិតក្នុងក្របខ័ណ្ឌ Premier League ក្នុងយុទ្ធនាការ Champions League នៅរដូវកាលនេះ នៅពេលដែលពួកគេធ្វើដំណើរទៅកាន់ទឹកដីក្រុម Real Madrid នៅរាត្រីនេះ។

ក្រុមរបស់អេស្ប៉ាញ បានធ្វើការគ្រប់គ្រងក្នុងយុទ្ធនាការនេះទាំងស្រុង បើគិតចាប់តាំងពី Chelsea បានក្លាយជាក្រុមអង់គ្លេសចុងក្រោយគេក្នុងការឈ្នះពានក្របខ័ណ្ឌកំពូលអឺរ៉ុបនេះ កាលពីឆ្នាំ២០១២ ដោយ Real Madrid បានឈ្នះពាន ៣លើកក្នុងចំណោមពានរបស់ Champions Leagues ៤លើកចុងក្រោយ ហើយ Barcelona ជាក្រុមឈ្នះពានមួយផ្សេងទៀត។ ប៉ុន្តែក្រុមរបស់ក្របខ័ណ្ឌ Premier League ទាំង៥ មិនស្គាល់ចាញ់សោះក្នុងការប្រកួត ១០លើកនៅរដូវកាលនេះ ខណៈដែលក្រុម Manchester City, Manchester United, Spurs និង Chelsea សុទ្ធសឹងដណ្តើមបានជ័យជម្នះរាល់ការប្រកួតបើកឆាកទាំងពីរលើករបស់ពួកគេ ហើយក្រុម Liverpool បានបញ្ចប់ក្នុងលទ្ធផលស្មើទាំងពីរលើក។ សូម្បីតែ Chelsea ក៏បានបង្ហាញពីភាពខ្លាំងរបស់អង់គ្លេសផងដែរ ដោយការដណ្តើមបានជ័យជម្នះនៅទីក្រុងម៉ាឌ្រីដ ក្រោយពីបានផ្តួលក្រុម Atletico ២-១ តាមរយៈគ្រាប់បាល់ឈ្នះរបស់ខ្សែប្រយុទ្ធ Michy Batshuayi នៅនាទី ទី៩៤ កាលពីខែមុន។

Alderweireld ដែលនឹងត្រូវប្រឈមមុខនឹងការងារដ៏លំបាកក្នុងការរារាំងកីឡាករឆ្នើមប្រចាំឆ្នាំរបស់ពិភពលោក ៤សម័យកាល Cristiano Ronaldo នៅរាត្រីនេះ បានឲ្យដឹងថា៖ «អ្នកឃើញស្រាប់ហើយថា ក្រុមរបស់ក្របខ័ណ្ឌ Premier League បានទទួលលទ្ធផលល្អដូចគ្នា បើទោះបី Real បានបង្ហាញខ្លួនក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជារាល់ឆ្នាំក៏ដោយ»។ ខ្សែការពាររូបនេះបានបន្ថែមទៀតថា៖ «យើងមានក្រុមដ៏ល្អមួយ ហើយយើងអាចផ្តួលពួកគេបាន។ វាមិនមែនជាការអួតអាងឡើយ ប៉ុន្តែ វាគឺជាការជឿជាក់លើការប្រកួតរបស់យើង»។

ទាំងក្រុម Real Madrid និង Spurs សុទ្ធសឹងដណ្តើមបានជ័យជម្នះពីការប្រកួតបើកឆាកទាំង២លើកដូចគ្នា ខណៈដែលពួកគេបានផ្តួលក្រុម Dortmunt និង APOEL ក្នុងលទ្ធផល ៣-១ និង ៣-០ ដូចគ្នា ប៉ុន្តែ Real បានយកឈ្នះ ៣លើកពីការជួបគ្នាទាំង ៣លើករវាងក្រុមទាំងពីរកាលពីមុន។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕

កែសម្រួលដោយ៖ Usportkh
ប្រភព៖ Channel News Asia