អ្នកចាំទីរបស់ឥណ្ឌូនេស៊ីម្នាក់ បានស្លាប់អំឡុងពេលការប្រកួតក្របខ័ណ្ឌលីកមួយកាលពីថ្ងៃអាទិត្យ ក្រោយពីបានប៉ះទង្គិចជាមួយនឹងមិត្តរួមក្រុមម្នាក់ ក្នុងទីក្រុង Lamongan ខេត្ត East Java។

កីឡាករ Choirul Huda បានលេងក្នុងតំណែងជាអ្នកចាំទី សម្រាប់ក្រុម Persela Lamongan របស់គេ ក្នុងពេលប្រកួតជាមួយនឹងក្រុម Semen Padang ក្នុងក្របខ័ណ្ឌ Liga 1 របស់ឥណ្ឌូនេស៊ី នៅពេលនោះឧប្បត្តិហេតុក៏បានកើតឡើងនៅនាទីទី៤៤ តែម្តង។

Choirul វ័យ៣៨ឆ្នាំ បានប៉ះទង្គិចជាមួយនឹងជង្គង់របស់កីឡាករ Ramon Rodrigues នៅពេលដែលរូបគេបានព្យាយាមចាប់បាល់ក្នុងពេលជិតបញ្ចប់ការប្រកួតនៅតង់ទី១។ រូបភាពវីដេអូចាក់ផ្សាយឡើងវិញ បានបង្ហាញថា រូបគេមានការលំបាកក្នុងការដកដង្ហើម ខណៈដែលរូបគេបានរឹងថ្គាមភ្លាមៗ បន្ទាប់ពីការប៉ះទង្គិចនោះ។ Choirul បានទទួលការព្យាបាលនៅលើទីលានតែម្តង នៅមុនពេលរូបគេត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

Choirul នៅតែមានដង្ហើមនៅឡើយ បើទោះបីរូបគេសន្លប់បាត់ស្មារតីក៏ដោយ នៅពេលដែលរូបគេទៅដល់មន្ទីរពេទ្យ ក្នុងទីក្រុង Lamongan ប៉ុន្តែ បានស្លាប់ ដោយសារតែរបួសរបស់គេភ្លាមៗ បន្ទាប់ពីនោះ។ Zaki Mubarak ប្រធានក្លិបរបស់ Chorul បានឲ្យដឹងថា ការប៉ះទង្គិចយ៉ាងខ្លាំងក្លាទៅលើអ្នកចាំទីរូបនេះ បានធ្វើស្ទះខ្យល់ដង្ហើម ពោលគឺជាលក្ខខណ្ឌមួយដែលផ្នែកមួយនៃរាងកាយធ្វើឲ្យមានការរាំងស្ទះខ្យល់ដកដង្ហើម។

Choirul បានចូលរួមលេងឲ្យក្លិប Persela កាលពីឆ្នាំ១៩៩៩ និងបានក្លាយជាអ្នកចាំទីជម្រើសដំបូងរបស់ក្លិបនេះចាប់តាំងពីឆ្នាំ២០០២។ Persela Lamongan បានទទួលជ័យជម្នះក្នុងការប្រកួតនោះក្នុងលទ្ធផល ២-០៕

កែសម្រួលដោយ៖​ Usportkh
ប្រភព៖ Channel News Asia