ព្រឹត្តិការណ៍ប្រកួតហ្វុតសាលដណ្តើមពានរង្វាន់ស្ពនស័រ (Sponsor Futsal Cup)ប្រចាំឆ្នាំ២០១៧ បានរកឃើញក្រុមខ្លាំងទាំង២ ប្រចាំមណ្ឌលភ្នំពេញ ដែលត្រូវឡើងទៅប្រកួតនៅជុំផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីបានចំណាយពេលប្រកួត២ថ្ងៃពេញ និងបានបញ្ចប់កាលពីយប់ថ្ងៃអាទិត្យ ម្សិលមិញ។

ក្រុម Rolling FC និងក្រុម Home Sport FC គឺជាបេក្ខភាព ដែលឈ្នះកៅអីទាំង២ ប្រចាំមណ្ឌលភ្នំពេញនេះ សម្រាប់ត្រៀមឡើងទៅប្រកួតជុំផ្តាច់ព្រ័ត្រ ប៉ុន្តែក្រុមម្ចាស់ជើងឯកទូទាំងប្រទេសប្រចាំឆ្នាំ២០១៦ ឪម៉ាល់ និងក្រុមជើងឯករង យុវជនដូនពេញ បានធ្លាក់ចេញពីការប្រកួតជម្រុះនៅមណ្ឌលភ្នំពេញនេះដូចគ្នា។

ក្រុម Rolling FC និងក្រុម Home Sport FC គឺជាអ្នកទម្លាក់ក្រុមឪម៉ាល់ និងក្រុមដូនពេញ សម្រាប់ការប្រកួតនៅទីលាន Down Townនេះ ដោយក្នុងនោះ Rolling បានយកឈ្នះក្រុមឪម៉ាល់ ៥-១ ក្នុងវគ្គ១៦ក្រុម ហើយ Home Sport បានទម្លាក់ក្រុមដូនពេញតាំងពីប្រកួតជម្រុះវគ្គ៤០ក្រុមដំបូង តាមរយៈការយកឈ្នះ ៤-០។

យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រ ដែលត្រូវធ្វើឡើង កាលពីយប់ថ្ងៃអាទិត្យ ក្រុម Home Sport បានចាញ់ក្រុម Rolling ១-០ ដ៏គួរឲ្យសោកស្តាយបំផុត ព្រោះ១គ្រាប់នោះ ជាការភ្លាត់ធ្វើឲ្យបាល់ចូលទីខ្លួនឯង ក្នុងការប្រកួតពាក់កណ្តាលវគ្គទី២ ដែលធ្វើឲ្យពួកគេបានត្រឹមលេខ២ នឹងទទួលបានប្រាក់រង្វាន់១,៦លានរៀល ឯក្រុមលេខ១ Rolling បាន២លានរៀល។

ទោះបីជាយ៉ាងណា ក្រុមទាំង២នេះ ទទួលបានឱកាសឡើងទៅប្រកួតជុំផ្តាច់ព្រ័ត្រដូចគ្នា ដើម្បីប្រកួតប្រជែងយកពានធំ អមនឹងប្រាក់រង្វាន់ជាច្រើនទៀត ជាមួយក្រុមខ្លាំងៗចំនួន៨មកពីមណ្ឌលខេត្តបន្ទាយមានជ័យ មណ្ឌលខេត្តសៀមរាប មណ្ឌលខេត្តព្រៃវែង និងមណ្ឌលក្រុងព្រះសីហនុ ប៉ុន្តែមណ្ឌលទាំង៤នេះ នៅមិនទាន់ប្រកួតរកឃើញក្រុមឈ្នះ នៅឡើយទេ៕