បន្ទាប់ពីបាត់វត្តមានលើសង្វៀនប្រដាល់មួយរយៈពេលធំ នៅព្រឹកថ្ងៃពុធនេះ អ្នកប្រដាល់ដ៏ល្បី សែន រ៉ាឌី ដែលជាអតីតម្ចាស់មេដាយមាសកីឡាវ៉ូវីណាមជើងឯកពិភពលោកផងនោះ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹងការបង្ហោះសារដ៏គួរឲ្យសំណើចមួយ នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយ រ៉ាឌី បានសម្ដែងការអស់សំណើច ចំពោះរឿងអ្នកប្រដាល់មួយចំនួន ដែលពេលល្បីខ្លាំង ត្រូវបានគេចាត់ទុកជាកូនចៅអញ់ៗ ប៉ុន្ដែដល់ពេលកីឡាករនោះ វាយចាញ់ធ្លាក់កូដបន្ដិច ក៏រត់ទៅរកការងារធ្វើនៅរោងចក្រសឹងតែមិនបានទៅវិញ។

សាររបស់អ្នកលេងគុនខ្មែរទម្ងន់ស្រាលខាងលើ ហាក់សើចចំអក ចំពោះបុគ្គលអ្នកមុខអ្នកការមួយចំនួនតូច ដែលស្រលាញ់គាំទ្រកីឡាករគុនខ្មែរ ត្រឹមមើលឃើញប្រយោជន៍ផ្ទាល់ខ្លួន ។ រ៉ាឌី បានសរសេរថា «គិតៗទៅអស់សំណើច និងហួសចិត្តដែរអ្នកប្រដាល់ទាំងអស់ ដែលហ្វឹកជាមួយខ្ញុំ រួមទាំងខ្លួនឯងផ្ទាល់គ្មានអ្នកណាមានកំណើតមួយហ្មង…។ កាលនៅវ៉ៃមួយៗល្បីរកគូរក្នុងស្រុកវ៉ៃគ្មាន ប៉ុន្តែរកតែកន្លែងណាមួយសម្រាប់ជ្រក់កោនពេលដែលប្រកួតលែងកើត រឺក៏ពេលឈប់ប្រកួតមិនបានសោះ ពេលនៅវ៉ៃល្បីកូនចៅអញ់ កូនចៅអញ់ ពេលវ៉ៃលែងកើត រឺឈប់វ៉ៃទៅណាទៅទៅ…ហាហាហា ដូចឡូវពួកម៉ាក់ខ្ញុំម្នាក់កាលនៅវ៉ៃល្បីកប់ ដល់ឡូវវ៉ៃរាងធ្លាក់ដោយសារជីវភាពហ្វឹកហាត់ក៏លឺសូរថាឡូវកំពុងរកការងាររោងចក្រធ្វើ(ហួសចិត្ដ)»។

កីឡាករល្បីខាងវ៉ៃគូប្រកួតឲ្យសន្លប់ មិនទុកមុខ បើមានឱកាសរូបនេះ បានបន្ដថា «និយាយលេងអី តាមពិតគឺអាណិតគាត់ណាស់ ហើយក៏អាណិតខ្លួនឯង និងអ្នកឯទៀតណាស់ ដែលជួបវាសនាដូចៗគ្នា ប៉ុន្តែកុំតូចចិត្តនឹងវាសនា កុំតវ៉ានឹងតាំងតោ..ស៊ូស៊ូទាំងអស់គ្នា ព្រោះទាំងអស់នេះ គឺយើងទាំងអស់គ្នាជាអ្នកដើរទៅរកវាដោយខ្លួនឯងទេ។ ប៉ុន្តែសម្រាប់ខ្ញុំបាទគឺនៅតែអរគុណ ដែលធ្វើអោយខ្ញុំបានមកដល់កន្លែងនេះ អរគុណ អរគុណ អរគុណបាទ ជាចុងក្រោយចង់និយាយថាការហ្វឹកហាត់ប្រដាល់បើគ្មានការព្យាយាម និងតាំងចិត្តពីបុគ្គលនឹងផ្ទាល់ទេ ទោះបង្ហាត់វ៉ៃដល់ចាស់ក៏វ៉ៃមិនខ្លាំង និងមានកេរ្ដិ៍ឈ្មោះដែរបាទ»។

គួរបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ ស្របពេល សែន រ៉ាឌី បើករបររកស៊ីខ្លួនឯង គេហាក់ឃ្លាតឆ្ងាយពីគុនខ្មែរ ហើយមកស្រវ៉ាជាមួយកីឡាវ៉ូវីណាមទៅវិញ ដែលជាប្រភេទកីឡាមួយ បានជួយឲ្យគេមានជីវភាពកាន់តែប្រសើរ បន្ទាប់ពីដណ្ដើមបានមេដាយកម្រិតពិភពលោកជាបន្ដបន្ទាប់៕

កែសម្រួលដោយ៖ Usportkh
អត្ថបទ៖ KhmerTalking