ក្លិបទូកក្តោង Everton អាចនឹងប្រឈមមុខនឹងការចាត់វិធានការផ្នែកវិន័យ របស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា UEFA ក្រោយពីការប្រកួតក្របខ័ណ្ឌ Europa League របស់ពួកគេជាមួយនឹងក្រុម Lyon បានបង្កើតឲ្យមានជម្លោះប្រវាយប្រតប់គ្នា ស្របពេលដែលអ្នកគាំទ្រ២ ទៅ៣នាក់របស់ក្រុមម្ចាស់ផ្ទះ ក៏បានទាក់ទិនក្នុងជម្លោះមួយដែលត្រូវបានបង្កើតដោយប្រធានក្រុម Ashley Williams ផងដែរ។

ក្រុមទូកក្តោងរបស់លោក Ronald Koeman បានរងបរាជ័យក្នុងលទ្ធផល ២-១ ក្នុងការប្រកួតពូល E ដែលបានធ្វើឲ្យពួកគេស្ថិតនៅបាតតារាងនៃពូល ប៉ុន្តែហេតុការណ៍ដែលបានកើតឡើងក្នុងតង់ទី២ អាចនឹងធ្វើឲ្យ Everton និងខ្សែការពារ Williams ប្រឈមមុខនឹងការដាក់ទណ្ឌកម្ម។ ប្រធានក្រុមនៃក្រុម Everton រូបនេះបានរុញអ្នកចាំទី Anthony Lopes របស់ Lyon ដែលបានបង្កើតឲ្យមានការប៉ះទង្គិចគ្នារវាងកីឡាករនៅពីមុខអ្នកគាំទ្រ។ ស្របពេលដែលក្រុមកីឡាករទាំងអស់បានព្យាយាមរត់ទៅបន្ធូរបន្ថយស្ថានភាពផ្សេងៗ អ្នកគាំទ្រដែលកំពុងតែកាន់កូនរបស់ខ្លួនក្នុងដៃ បានព្យាយាមដាល់ទៅលើអ្នកចាំទីរូបនោះ។

ក្រោយមក លោក Koeman បានបញ្ជាក់ថា លោកអាជ្ញាកណ្តាលសញ្ជាតិហូឡង់ Bas Nijhuis ក៏អាចនឹងត្រូវស្តីបន្ទោសផងដែរសម្រាប់ការផ្ទុះជម្លោះនៅឯកីឡដ្ឋាន Goodison មួយនេះ។ គ្រូបង្វឹករូបនេះបានឲ្យដឹងថា៖ «ខ្ញុំមិនបានឃើញអ្វីឲ្យពិតប្រាកដដែលបានកើតឡើងនៅពីក្រោយទីឡើយ ខណៈដែលមានកីឡាករជាច្រើនបានជាប់ទាក់ទិន ប៉ុន្តែ ខ្ញុំអាចយល់ទាំងស្រុងថា កីឡាកររបស់ខ្ញុំពិតជាខកចិត្ត»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំបានមន្ត្រីប្រចាំការប្រកួតពីអ្វីដែលខ្ញុំបានគិតក្នុងពេលបញ្ចប់ការប្រកួតនេះ។ ខ្ញុំដឹងថា អាជ្ញាកណ្តាលមានសញ្ជាតិហូឡង់ ប៉ុន្តែ គាត់មិនអាចផ្តល់ការពិន័យចំពោះកីឡាករ Nabil Fekir ដែលបានធ្វើពុតជាដួលចំនួន១០លើកនោះឡើយ»៕

វីឌីអូហាយឡាយការប្រកួតរវាង Everton និង​ Lyon ​៖

កែសម្រួលដោយ៖ Usportkh
ប្រភព៖ The Guardian